UN: ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា ចិនត្រូវតែធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបង្ខំឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
លោកស្រី Haley បានថ្លែងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងលើកយកបញ្ហានេះ មកពិភាក្សា នាសប្តាហ៍ក្រោយ នៅឯជំនួបកំពូលលើកដំបូងរបស់លោក ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្រុងព្យុងយ៉ាង កំពុងរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរមួយទៀត ដោយលោកស្រី Haley បានអះអាងថា ក្រុងវ៉ាស៊ីនតោន នឹងមិននៅស្ងៀមទេ សម្រាប់កាន់ការជជែកពិភាក្សាគ្នារឿងនេះ ទៅកាន់សមាជិកប្រទេសផ្សេងទៀត នៅអង្គការសហប្រជាជាតិ។
លោកស្រី បានបន្តថា « ខ្ញុំគ្មានការអត់ធ្មត់ សម្រាប់វាទេ ហើយវាក៏មិនបានជួយនរណាម្នាក់ទ្បើយ។ រដ្ឋបាលនេះ គ្មានការអត់ធ្មត់ សម្រាប់វានោះទេ»។ «មើលទៅ តើយើងអាចផ្លាស់ប្តូរការគិតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានដែរឬទេ? ខ្ញុំគិតថា ប្រទេសចិន អាចធ្វើវាបាន ជាហេតុដែលយើង ចង់ពិភាក្សាវានៅឯកិច្ចប្រជុំកំពូល រវាងមេដឹកនាំទាំងពីរនាពេលខាងមុខ ព្រោះខ្ញុំដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់បាននិយាយថា ពួកគេក៏កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ លើប្រទេសកូរ៉េខាងជើង៕
មតិយោបល់