ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងកាត់ផ្តាច់បណ្តាញទូរស័ព្ទអន្តរកូរ៉េ ជាមួយក្រុងសេអ៊ូល

កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងកាត់ផ្តាច់បណ្តាញទូរស័ព្ទអន្តរកូរ៉េ ជាមួយប្រទេសកូរ៉េខាងត្បូង ដែលវាជាជំហានដំបូងឆ្ពោះទៅរកការបិទទាំងស្រុង នូវរាល់មធ្យោបាយនៃការទាក់ទង ជាមួយទីក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលកូរ៉េខាងជើង បានវាយប្រហារប្រទេសកូរ៉េខាងត្បូង ដោយគំរាមបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងផ្សេងៗទៀត ប្រសិនបើកូរ៉េខាងត្បូង មិនព្រមបញ្ឈប់អ្នកចែកចាយ បញ្ជូនខិតប័ណ្ណ និងសម្ភារៈផ្សេងៗ ចូលទៅកាន់ប្រទេសកូរ៉េខាងជើងទៀតនោះ។

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ នៅកូរ៉េខាងជើង រួមទាំងប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង និងលោក គីម យ៉ុងជុល អនុប្រធានគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ កំពុងកាន់អំណាច របស់ប្រទេសកូរ៉េជើង បានប្តេជ្ញាចិត្តថា ពួកគេ នឹងជំរុញការងារនេះ ឆ្ពោះទៅមុខយ៉ាងហ្មត់ចត់ ដើម្បីប្រឆាំងនឹងសត្រូវ។

ដោយជាជំហានដំបូង នៅរសៀលថ្ងៃអង្គារនេះ កូរ៉េខាងជើង នឹងបញ្ចប់ការទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាបណ្តាញទូរស័ព្ទបន្ទាន់ រវាងយោធាប្រទេសទាំងពីរផងដែរ៕

មតិយោបល់