ព័ត៌មានអន្តរជាតិ

អាមេរិកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបរាជ័យ ខណៈប្រទេសនេះ នៅតែបន្តសកម្មភាពបង្កហេតុដូចកូរ៉េខាងជើង

អាមេរិកៈ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Rex Tillerson នៅថ្ងៃពុធ បានិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់ ត្រូវបានបរាជ័យ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យពិនិត្យឡើងវិញនូវវិធីសាស្ត្រ ដែលក្រុងវ៉ាស៊ីនតោន ត្រូវប្រឆាំងនឹងការគំរាមកំហែងពីរដ្ឋាភិបាល ក្រុងតេហេរ៉ង់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា បើទោះបីអ៊ីរ៉ង់បានគោរពតាមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ​រវាង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​ កាល​ពី​ឆ្នាំ​២០១៥ ក្នុងការបញ្ឈប់​សកម្មភាព​អ្វី​ពាក់ព័ន្ធ​នឹង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ដែលជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ពិតមែន ប៉ុន្តែលោក Tillerson អះអាងថា កិច្ចព្រមព្រៀងនេះ វាគ្រាន់តែអាចពន្យាពេល របបមួយនេះ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ វាមិនអាចបញ្ឈប់ការគំរាមកំហែង ពីប្រទេសនេះ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងពិភពលោកទ្បើយ។

លោក Tillerson បានបន្ថែមថា « មកទល់ពេល អ៊ីរ៉ង់កំពុងប្រព្រឹត្តិទង្វើ ដែលបង្កអស្ថេរភាព​ នៅតំបន់​មជ្ឈិមបូព៌ា ដោយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងដើរលើផ្លូវដូចគ្នា​ទៅនឹងកូរ៉េខាងជើង»៕

មតិយោបល់