អមេរិកៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានស្នើអតីតប្រធានភ្នាក់ងារ FBI លោក James Comey បញ្ចប់ការស៊ើបអង្កេតជុំវិញទំនាក់ទំនង រវាងអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ជាមួយនិងរុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧។
តាមលិខិតដែលលោក ត្រាំ ផ្ញើទៅកាន់អតីតប្រធាន FBI បន្ទាប់ពីកិច្ចប្រជុំមួយនៅឯសេតវិមាន បានសរសេរថា «ខ្ញុំសង្ឃឹមថា អ្នកអាចអនុញ្ញាតឲ្យរឿងនេះ ឈប់ដំណើរការតទៅទៀត»។
អនុស្សរណៈនេះ ត្រូវបានសរសេរជាបន្ទាន់ បន្ទាប់ពីកិច្ចប្រជុំមួយថ្ងៃក្រោយពីលោក Michael Flynn បានលាលែងពីតំណែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ពាក់ព័ន្ធនឹងការលេចឮរឿងអាស្រូវមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ។
ពាក់ព័ន្ធនឹងរបាយការខាងលើនេះ ខាងសេតវិមានបានធ្វើការច្រានចោល នៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរ។
ដោយបានលើកទ្បើងថា «លោកប្រធានាធិបតី បានបង្ហាញគោលជំហរម្តងហើយម្តងទៀត អំពីទស្សនៈរបស់លោក ចំពោះលោក Flynn ថា ជាបុរសម្នាក់ដ៏សមរម្យម្នាក់ ដែលអាចបម្រើ និងការពារប្រទេសរបស់យើង ហើយលោក ត្រាំ ក៏មិនដែលបានស្នើឲ្យលោក Comey ឬនរណាម្នាក់ផ្សេងទៀត ដើម្បីបញ្ចប់ការស៊ើបអង្កេតណាមួយ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងលោក Flynn និងរុស្ស៊ីទ្បើយ»៕
មតិយោបល់