អ្នកខ្លះនិយាយថា ការទទួលទានស៊ុតរាល់ថ្ងៃ អាចបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់។ នេះជាការពិត ប្រសិនបើអ្នកមិនចេះចម្អិនឲ្យបានត្រឹមត្រូវទេនោះ ជាពិសេសស៊ុតដែលចម្អិនដោយប្រើប្រេង ឬខ្លាញ់តែម្តង។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា ប្រសិនបើអ្នកទទួលទានស៊ុតស្ងោរវិញនោះ មិនត្រឹមតែគ្មានបញ្ហាសម្រាប់សម្ពាធឈាមនោះទេ វាថែមទាំងជួយឲ្យអ្នកកាន់តែមានសុខភាពល្អទៀតផង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៥យ៉ាងដែលបានមកពីការទទួលទានស៊ុតស្ងោរៈ
១.បន្ថែមប្រូតេអ៊ីនដល់រាងកាយ
ក្នុងចំណោមអាហារដែលមានផ្ទុកប្រូតេអ៊ីនទាំងអស់ មានតែស៊ុតទេ ដែលមានគុណតម្លៃល្អបំផុតសម្រាប់រាងកាយ។ មិនតែប៉ុណ្ណោះ ការទទួលទានស៊ុតជួយឲ្យរាងកាយអាចស្រូបយកប្រូតេអ៊ីនបានលឿន និងមានប្រសិទ្ធភាពជាងអាហារផ្សេងៗទៀត។
២.បង្កើនអារម្មណ៍ឆ្អែត
ការសិក្សាបានបង្ហាញថា ការញ៉ាំស៊ុតនៅពេលព្រឹកអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ នេះក៏ដោយសារតែប្រភពថាមពលដ៏សម្បូរបែបបានមកពីប្រូតេអ៊ីន និងជាតិខ្លាញ់ដែលមាននៅក្នុងអាហារមួយប្រភេទនេះ។
៣.សម្រកទម្ងន់
ការទទួលទានស៊ុតនៅពេលព្រឹកត្រូវបានគេរកឃើញថា អាចកាត់បន្ថយជាង៤០០កាឡូរី បន្ថយចំណង់អាហារ ដុតបំផ្លាញ់ជាតិខ្លាញ់ និងជួយសម្រកទម្ងន់ផងដែរ។
៤.បង្កើនការចង់ចាំ
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ស៊ុតលឿងមានផ្ទុកសារធាតុម្យ៉ាងដែលមានឈ្មោះថា Collin ។ សារធាតុនេះត្រូវបានគេចាត់ទុកជាអំណោយដ៏អស្ចារ្យសម្រាប់ខួរក្បាលរបស់មនុស្សទាំងឡាយ។ ដូច្នេះ អ្នកគ្រាន់តែទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់ ខួរក្បាលរបស់អ្នកនឹងទទួលបានសារធាតុ Collin នេះបានគ្រប់គ្រាន់ ដែលអាចជួយបង្កើនការចង់ចាំ និងការពារខួរក្បាលថែមទៀត។
៥.ការពារភ្នែក
នៅក្នុងស៊ុតលឿងមានផ្ទុកសារធាតុពីរយ៉ាងទៀត គឺ lutein និង zeaxanthin ដែលមានឥទ្ធិពលការពារភ្នែកពីកាំរស្មី UV និងកាត់បន្ថយជំងឺភ្នែកឡើងបាយដោយសារតែភាពចាស់។
របៀបប្រើប្រាស់ស៊ុតដែលល្អសម្រាប់សុខភាព
ស៊ុតដែលល្អបំផុតសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង គឺ ស៊ុតមាន់ស្ងោរ។ ចំណែកឯការចម្អិនអ្នកមិនត្រូវប្រើខ្លាញ់ ឬភ្លើងហួសកម្រិតនោះឡើយ ព្រោះវាអាចបង្កើនកូឡេស្តេរ៉ុលក្នុងស៊ុតលឿងកាន់តែច្រើន ហើយអាចគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់បេះដូង។ សម្រាប់កុមារវិញ អ្នកត្រូវប្រើស៊ុតចំហ៊ុយ ឬធ្វើជាស៊ុប ដើម្បីងាយស្រូបដល់ការស្រូបយកប្រូតេអ៊ីនបានល្អ៕
មតិយោបល់