ប្រេស៊ីលៈ ការតវ៉ាដ៏ក្ដៅគគុកមួយ បានប្រែក្លាយជាអំពើហិង្សា នៅទីក្រុងប្រេស៊ីលីយ៉ា ដោយប្រធានាធិតីលោក Michel Temer បានបញ្ជាឲ្យដាក់ពង្រាយពួកទាហានយ៉ាងចម្រូងចម្រាស ដើម្បីស្ដារសណ្ដាប់ធ្នាក់ ក្នុងទីក្រុងឲ្យប្រសើរទ្បើងវិញ ខណៈដែលទីតាំងក្រសួងមួយចំនួន ត្រូវបានក្រុមបាតុករលុកលយ អំឡុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
ក្រុមបាតុកររាប់ម៉ឺននាក់ បានដើរជាក្បួនទៅកាន់សភា កាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងប្រធានាធិបតីលោក Temer ក្នុងគោលបំណងចង់ឲ្យមានកំណែទម្រង់សេដ្ឋកិច្ច ខណៈប្រទេសកំពុងតែប្រឈមបញ្ហានេះ និងទាមទារឲ្យលោក ចុះចេញពីតំណែងផងដែរ ចំពេលមានរឿងអាស្រូវពុករលួយដ៏ធំមួយ។
ការតវ៉ានេះ ត្រូវបានគេចាត់ទុកថា ជាការតវ៉ាមានអំពើហិង្សាដ៏ធំបំផុត នៅក្នុងទីក្រុងប្រេស៊ីលីយ៉ា ចាប់តាំងពីមានបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំ ២០១៣ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ បាតុករមួយចំនួនបានរងរបួសធ្ងន់ ដោយសារគ្រាប់កាំភ្លើងកៅស៊ូនៅនឹងមុខ ខណៈដែលអ្នកផ្សេងទៀត បានបាត់បង់ដៃពួកគេពេលព្យាយាម ចាប់បោះឧបករណ៍ផ្ទុះ ទៅកាន់មន្រ្តីបូលិស។ អភិបាលទីក្រុង បាននិយាយថា នៅក្នុងការតវ៉ានេះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីមានបំបែកហ្វូងមនុស្ស និងបានបញ្ជាក់ថា មនុស្ស ៤៩ នាក់ បានរងរបួស៕
មតិយោបល់