ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងថា មីស៊ីលកូរ៉េខាងជើង បាញ់ឆ្ពោះទៅកាន់ជប៉ុន ហោះបានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ

កូរ៉េៈ យោធាកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប ដែលកូរ៉េខាងជើង បានបាញ់ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅព្រឹកថ្ងៃអង្គារនេះ អាចហោះបានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីមន្ត្រីអគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីទីតាំងមួយ នៅជិតស្រុក sunan ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោងប្រហែល ០៥ និង ៥៧ នាទីព្រឹក។

ប្រភពដដែរបានបន្ថែមថា មីស៊ីលនេះ អាចហោះបានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់អតិបរមាប្រហែល ៥៥០ គីឡូម៉ែត្រ ឆ្លងកាត់អាកាសឆ្ពោះទៅកាន់ប្រទេសជប៉ុន មុនពេលវាធ្លាក់ចូលក្នុងភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិភ្លាមៗផងដែរ៕

មតិយោបល់