ព័ត៌មានអន្តរជាតិ

ជប៉ុន ហ្វឹកហាត់ទាហានខ្លួន ប្រើប្រាស់ប្រព័ន្ធប្រឆាំងអាវុធប្រល័យលោក ដើម្បីទប់ស្កាត់មីស៊ីលកូរ៉េខាងជើង

ជប៉ុន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះ បានហ្វឹកហាត់កងទ័ពរបស់ខ្លួន នៅក្នុងការប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល ដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៧។

ទូរទស្សន៍ NHK បានឲ្យដឹងថា ការហ្វឹកហាត់នេះ មានរយ:ពេលមួយម៉ោង បានធ្វើឡើងនៅឯមូលដ្ឋាន Komaki ក្នុងខេត្ត Aichi ប៉ុន្តែមិនមានការផ្សាយបន្តផ្ទាល់អំពីការបាញ់វានោះទេ។

កងកម្លាំងការពារជប៉ុន បានរាយការណ៍ថា រថយន្តបំពាក់ប្រព័ន្ធនេះ ត្រូវបានបើកទៅមូលដ្ឋាន ដើម្បីរៀបចំសម្រាប់ការបាញ់បង្ហោះមីស៊ីល ដោយមានគោលដៅឆ្ពោះទៅលើអាកាស។

សមយុទ្ធពីរបន្ថែមទៀត នឹងប្រព្រឹត្តទៅនៅមូលដ្ឋានផ្សេងទៀតក្នុងប្រទេស ដែលវាត្រូវបានធ្វើទ្បើង ដោយក្រសួងការពារជាតិជប៉ុន បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់ ធ្លាក់ចូលសមុទ្រ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

គួរបញ្ជាក់ដែរថា ប្រព័ន្ធប្រឆាំងមីស៊ីលនេះ មានសមត្ថភាពស្ទាក់ចាប់ក្បាលគ្រាប់មីស៊ីលល្បឿនលឿន PAC-3 ដែលអាចប្រឆាំងនឹងកាំជ្រួចមីស៊ីលបាញ់ចេញពីដីគោក, នាវាមុជទឹក និងយន្តហោះជាដើម៕

មតិយោបល់