សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោត៩៨សំឡេង ទល់នឹង២សំឡេង ដើម្បីអនុម័តការដាក់ទណ្ឌកម្មដ៏ខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលវិមានក្រឹមទ្បាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John McCain មកពីរដ្ឋ Arizona បាននិយាយថា «យើងមិនត្រូវខ្ជះខ្ជាយពេលវេលាទៀតទេ ហេតុដូចនេះ អាមេរិកចាំបាច់បញ្ជូនសារដ៏ខ្លាំងមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី គឺលោក វ្លាឌឺមៀ ពូទីន រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានឈ្លានពានលើលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថា យើងនឹងមិនលើកលែងទោសឲ្យជាដាច់ខាត»។
ក្នុងនោះដែរ លោក Jeanne Shaheen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Hampshire ក៏បានលើកទ្បើងដែរថា «យើងមិនត្រូវអនុញ្ញាតិឲ្យអំពើជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតប្រទេសយើង ក្លាយទៅជាដំណើរការធម្មតាមួយទ្បើយ»។
គួរបញ្ជាក់ដែរថា ការអនុម័តច្បាប់នេះ មិនត្រឹមតែដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលទាំងដាក់ទណ្ឌកម្មដល់អ្នកដែលធ្វើឲ្យអន្តរាយប្រព័ន្ធសន្តិសុខកំព្យូទ័រ និងការអ្នកផ្គត់ផ្គង់អាវុធរបស់ក្រុងម៉ូស្គូទៅឲ្យប្រទេសស៊ីរីផងដែរ៕

មតិយោបល់