អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីបទបញ្ជារបស់លោក ពាក់ព័ន្ធនឹងការលុបចោលច្បាប់ថែទាំសុខភាព បន្ទាប់ពីវាត្រូវបានបរាជ័យ ក្នុងការទទួលបាននូវការគាំទ្រគ្រប់គ្រាន់ នៅក្នុងសភា។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
ប្រធានសភាលោក Paul Ryan បាននិយាយថា លោក និងលោក ត្រាំ បានយល់ព្រមថា នឹងគ្មានការបោះឆ្នោតនៅសភា បន្ទាប់ពីមើលឃើញថា ច្បាប់នេះ នឹងមិនទទួលបានសំឡេងឆ្នោតអប្បបរមា ២១៥ សំទ្បេង ដែលខាងគណបក្សសាធារណរដ្ឋត្រូវការទ្បើយ។
ការផ្លាស់ប្តូរនាទីចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានចោទជាបញ្ហាយ៉ាងធំទៅលើលោក ត្រាំ ដោយសារថា ការលុបចោល និងជំនួសកម្មវិធី ដែលគេស្គាល់ថា Obamacare ជាផ្នែកមួយនៃការសន្យាដ៏ធំរបស់លោក នៅពេលបោះឆ្នោត។
ប៉ុន្តែសេតវិមានបកស្រាយផ្សេងចំពោះកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយនឹងសមាជិកសភាអភិរក្សនិយម ដោយបានបញ្ចេញសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានបោះជំហានទៅមុខយ៉ាងវិជ្ជមានមួយជំហាន ឆ្ពោះទៅរកការលុបចោលច្បាប់ថែទាំសុខភាពនេះ។
ជុំវិញបញ្ហានេះដែរ លោក ត្រាំ បានព្រមានគណបក្សសាធារណរដ្ឋខ្លួនថា ប្រសិនបើពួកគេមិនបោះឆ្នោត គាំទ្រដល់ការលុបចោលច្បាប់នេះទេ នោះបន្ទាប់មកពួកគេ នឹងត្រូវបានជាប់គាំងជាមួយនឹងកម្មវិធី ថែទាំសុខភាពអូបាម៉ាស៕
មតិយោបល់