ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូងរួមគ្នា ធ្វើសមយុទ្ធមីស៊ីលផ្លោង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសៅរិ៍នេះ បានឲ្យដឹងថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំការបាញ់បង្ហោះមីស៊ីលផ្លោងមួយ ដើម្បីឆ្លើយតបទៅនិងទីក្រុងព្យុងយ៉ាង ដែលបានសាកល្បងមីស៊ីល ICBM ជាលើកទីពីរ នៅក្នុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍មួយ ដោយអគ្គសេនាធិការចម្រុះ បាននិយាយថា សម្រាប់សមយុទ្ធនេះ គឺចង់បង្ហាញនូវសមត្ថភាពរបស់សម្ព័ន្ធមិត្តអាមេរិក ក្នុងការវាយប្រហារចំពោះសត្រូវ។

សូមជំរាបថា សមយុទ្ធកងកម្លាំងទាំងពីរ បានបាញ់សាកល្បងជាមួយនិងគ្រាប់មីស៊ីល Hyunmoo-2 ដែលវាអាចរត់បានចម្ងាយ ១៩០ ម៉ាយល៍។

យោងតាមសម្ដីអ្នកនាំពាក្យម្នាក់ បាននិយាយថា កាលពីថ្ងៃសុក្រ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើង ចំពោះការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនេះផងដែរ។

គួរបញ្ជាក់ដែរថា មន្ទីរបញ្ចកោណ បានសន្និដ្ឋានថា តេស្តសាកល្បងមីស៊ីលរបស់រដ្ឋាភិបាលកូរ៉េខាងជើង វាជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ខណៈដែលក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា វាទំនងជាមីស៊ីលផ្លោងមធ្យមតែប៉ុណ្ណោះ៕

មតិយោបល់