ព័ត៌មានអន្តរជាតិ

មនុស្ស ៦០០ នាក់ ត្រូវបានជួយសង្គ្រោះ ខណៈ ៥១ នាក់ទៀត កំពុងបាត់ខ្លួន ទំនងជាស្លាប់ នៅវាលខ្សាច់សាហារ៉ា

UN: អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានបើកប្រតិបត្តិការថ្មីមួយ ដើម្បីជួយសង្គ្រោះជនអន្តោប្រវេសន៍ ពីការប្រឈមមុខនឹងគ្រោះថ្នាក់ នៅអំទ្បុងពេលពួកគេធ្វើដំណើរ ឆ្លងកាត់តំបន់វាលខ្សាច់ដ៏អាក្រក់ នៅភាគកណ្តាលប្រទេសអាហ្វ្រិកខាងជើង ឈានទៅដល់ឆ្នេរសមុទ្រប្រទេសលីប៊ី ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងចំនោមជនរងគ្រោះ ដែលគេស្គាល់ថា ជាជនចំណាកស្រុកកពីប្រទេសនីហ្សេរីយ៉ាឈ្មោះ Adaora អាយុ ២២ ឆ្នាំ បានប្រាប់ IOM ថា «អស់រយៈពេល ១០ ថ្ងៃមកហើយ យើងបានស្ថិតនៅក្នុងវាលខ្សាច់ បន្ទាប់ពីរយៈពេលប្រាំថ្ងៃ ដែលអ្នកបើកបរ បានបោះបង់ចោលពួកយើង។ គាត់ (អ្នកបើកបរ) បានធ្វើដំណើរចាកចេញ ជាមួយនឹងទ្រព្យសម្បត្តិ ទាំងអស់របស់យើង ដោយនិយាយថា គាត់នឹងមកយកយើងនៅក្នុងរយៈពេលពីរម៉ោង ប៉ុន្តែគាត់មិនបានមកនោះទេ» ។

កាលពីថ្ងៃអាទិត្យ ក្រុមជនអន្តោប្រវេសន៍មានគ្នា ២៤ នាក់ មកពីប្រទេសហ្គីមប៊ី, នីហ្សេរីយ៉ា, សេណេហ្គាល់, និងកូដដឺវ័រ បានប្រាប់អាជ្ញាធរថា ពួកគេត្រូវបានជាប់គាំងនៅក្នុងវាលខ្សាច់ នៃប្រទេសនីហ្សេរីយ៉ា ដោយមានសមាជិកម្នាក់ បានស្លាប់នៅទីនោះ ក្នុងរយៈពេលដ៏ខ្លីផងដែរ។

ពួកគេជាផ្នែកមួយនៃក្រុមជនអន្តោប្រវេសន៍មានគ្នា ៧៥ នាក់ ដែលធ្វើដំណើរទៅភាគខាងជើង ហើយត្រូវបានបោះបង់ចោលតាមផ្លូវ ដោយអ្នករត់ពន្ធ។

Adaora បានចាកចេញពីប្រទេសនីហ្សេរីយ៉ា ជាមួយមិត្តភក្តិជិតស្និទ្ធពីរនាក់ ដែលពួកគេបានស្លាប់ នៅក្នុងវាលខ្សាច់ ដោយសារអ្នកទាំងពីរមានភាពទន់ខ្សោយខ្លាំងពេក ក្នុងការបន្តដំណើរទៅមុខ …គាត់បានកប់ពួកគេ ហើយក៏មានសាកសពគ្នាយើងជាច្រើនទៀត ដែលត្រូវកប់ផងដែរ ប៉ុន្តែយើងមិនមានកម្លាំងដើម្បីធ្វើវានោះទេ។

មកទល់ពេកនេះ អាជ្ញាធរបានស្វែងរកជនអន្តោប្រវេសន៍ ៥១ នាក់ ដែលនៅសេសសល់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ត្រូវបានរារាំងដោយសារព្យុះខ្សាច់។ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្វែងរកនឹងបន្ត នៅពេលអំណាចព្យុះថមថយ ប៉ុន្តែជនចំណាកស្រុក ដែលបាត់ខ្លួនទាំងនោះ ត្រូវបានគេសន្មតថាស្លាប់ហើយ គ្រាន់តែអាជ្ញាធរមិនទាន់រកឃើញសាកសពពួកគេនៅឡើយ។

គួរបញ្ជាក់ដែរថា មនុស្សជាង ៦០០នាក់ ត្រូវបានជួយសង្គ្រោះ នៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះថ្មីមួយ នៅឯវាលខ្សាច់ ដែល IOM បានចាប់ផ្តើមទ្បើងនៅក្នុងខែមេសា ឆ្នាំ ២០១៧នេះ ៕

មតិយោបល់