អ៊ីរ៉ាក់ៈ នាយករដ្ឋមន្ត្រីលោក Haider al-Abadi បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស៊ូល ដើម្បីអបអរសាទរដល់កងកម្លាំងអ៊ីរ៉ាក់ ចំពោះជ័យជម្នះរបស់ពួកគេ ដែលបានវាយដណ្ដើមយកទីក្រុងម៉ូស៊ូល មកកាន់កាប់ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) មកវិញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abadi បានទៅដល់ទីនោះ ដើម្បីប្រកាសពីជ័យជម្នះនៃការរំដោះទីក្រុង ដោយកងកម្លាំងរដ្ឋាភិបាលពីក្រុមឧទ្ទាមបានទាំងស្រុង។
កងកម្លាំងអ៊ីរ៉ាក់ ដែលដឹកនាំគាំទ្រការវាយប្រហារតាមអាកាស ដោយសហរដ្ឋអាមេរិក បានបើកការប្រយុទ្ធគ្នា ជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដើម្បីដណ្ដើមយកទីក្រុងម៉ូស៊ូលមកវិញ ចាប់តាំងពីថ្ងៃទី ១៧ ខែតុលា ឆ្នាំមុនមកម៉្លេះ។
គួរបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានរឹបអូសទីក្រុងនេះ កាលពីខែមិថុនា ឆ្នាំ ២០១៤ មុនពេលដែលពួកឧទ្ទាមជីហាដស៊ុននីអារ៉ាប់ (Sunni Arab) បានកាន់កាប់ផ្នែកជាច្រើននៅអ៊ីរ៉ាក់ ហើយបានប្រកាសជារដ្ឋកាលីហ្វាតរបស់ពួកគេ ដែលមានមូលដ្ឋាននៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរី៕






មតិយោបល់