កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់អំពីការធ្វើសមយុទ្ធមីស៊ីលផ្លោង រយៈចម្ងាយមធ្យមមួយរបស់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ ក្រោមការដឹកនាំដោយផ្ទាល់ពីមេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ភាពតានតឹងកាន់តែខ្លាំងទ្បើង បន្ទាប់ពីការធ្វើសមយុទ្ធចុងក្រោយ របស់ក្រុងព្យុងយ៉ាង ខណៈដែលអាមេរិក បានស្រែកប្រកាសថា រដ្ឋបាលខ្លួននឹងប្រើកម្លាំងយោធាដ៏ខ្លាំងក្លា រួមទាំងបង្កើនសមត្ថភាពវាយប្រហារ ឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ និងសកម្មភាពបង្កសង្គ្រាមរបស់កូរ៉េខាងជើង។
តាមរបាយការណ៍មួយ បានឲ្យដឹងថា មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឈ្មោះថា Hwasong-12 របស់កូរ៉េខាងជើង បានបាញ់ទ្បើងទៅលើមេឃ ដោយមានពន្លឺ និងការផ្ទុះដ៏ខ្លាំងក្លា ហើយបានហោះឆ្លងកាត់កោះហុកកៃដូ នៃប្រទេសជប៉ុនតាមការគ្រោងទុក មុនពេលវាធ្លាក់ចូលក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក។
កាំជ្រួចមីស៊ីលនេះ ត្រូវបានគេបាញ់ចេញពីតំបន់ Sunam ជិតនិងទីក្រុងព្យុងយ៉ាង ដោយហោះបានចម្ងាយ ៣៧០០ គីឡូម៉ែត្រ ជាមួយរយៈកម្ពស់ ៧៧០ គីឡូម៉ែត្រ ដែលបានវាយប្រហារគោលដៅ នៅប៉ែកខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកគីម បាននិយាយផងដែរថា គោលដៅចម្បងនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន គឺដើម្បីបង្កើតនូវតុល្យភាពយុទ្ធសាស្ត្រ ក្នុងការទប់ទល់ជាមួយអាមេរិក៕
មតិយោបល់