ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដ៏កម្រមួយកម្រិត ៥,៨ រ៉ិចទ័រ វាយប្រហារនៅកូរ៉េខាងជើងទាំងព្រឹក

កូរ៉េៈ ទីភ្នាក់ងាររញ្ជួយដីភូមិសាស្ត្រអាមេរិក បាននិយាយថា ករណីគ្រោះរញ្ជួយដីកម្រិត ៥,៨ រ៉ិចទ័រដ៏កម្រមួយ បានវាយប្រហារមកលើប្រទេសកូរ៉េខាងជើង ក្នុងតំបន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែទំនងជាមិនបង្កឲ្យមានការខូចខាតណាមួយឡើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

អ្នកជំនាញផ្នែករញ្ជួយដីរបស់ USGS លោកស្រី Julie Dutton បានឲ្យដឹងថា ហេតុការណ៍នេះ ត្រូវគេចាត់ទុកថា ជារឿងខុសប្រក្រតីមួយ សម្រាប់តំបន់នោះ ដែលមិនធ្លាប់មានពីមុនមកនោះទេ ដោយលោកស្រី បាននិយាយថា ធ្លាប់មានការរញ្ជួយដ៏ធំចុងក្រោយមួយ នៅក្នុងផ្នែកនៃតំបន់សមុទ្រជប៉ុននេះ គឺបានកើតទ្បើងកាលពីឆ្នាំ ១៩៩៤ ។

ព្រឹត្តិការណ៍រញ្ជួយដីនេះ ត្រូវបានគេសន្និដ្ឋានថា អាចទំនងបណ្ដាលមកពីប្រទេសកូរ៉េខាងជើង ធ្វើតេស្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរក្រោមដី ប៉ុន្តែយ៉ាងមិញលោកស្រី Dutton បាននិយាយថា មិនមានអ្វីបញ្ជាក់ថា ការរញ្ជួយដីនេះ ជាព្រឹត្តិការណ៍ដែលមនុស្សបង្កើតទេ។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា ការរញ្ជួយនេះ មិនមែនមកពីការសាកល្បងនុយក្លេអ៊ែរទ្បើយ។

គួរបញ្ជាក់ដែរថា រញ្ជួយដីនេះ មានអនុភាពវាយប្រហារ ក្នុងជម្រៅជ្រៅ ៥៣៨ គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ហើយទំនងជាមិនបង្កការខូចខាតណាមួយឡើយ ខណៈដែលរំញ័រនៅចំណុចកណ្តាលរបស់វា ស្ថិតនៅចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Chongjin របស់កូរ៉េខាងជើង៕

មតិយោបល់