លោក Duterte ស្នើឲ្យសភាបន្តដាក់ច្បាប់អាជ្ញាសឹក រហូតដល់ចុងឆ្នាំ ២០១៧

ហ្វីលីពីនៈ​ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានស្នើសុំឲ្យសភា បន្តរក្សាច្បាប់អាជ្ញាសឹក នៅកោះមីនដាណាវ រហូតដល់ចុងឆ្នាំ ២០១៧ ដើម្បីអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធ ធ្វើការបង្ក្រាបក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងតំបន់មួយចំនួន ដែលស្ថិតនៅភាគខាងត្បូងកោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យប្រធានាធិបតី គឺលោក Ernesto Abella បានប្រាប់សន្និសីទសារព័ត៌មានមួយថា «លោក Duterte នឹងត្រូវដោះស្រាយ ជាមួយក្រុមភេរវជនក្នុងតំបន់ រួមទាំងអ្វីដែលគំរាមកំហែង ដល់សុវត្ថិភាពសាធារណៈ នៅមីនដាណាវ។

សូមជំរាបថា មីនដាណាវជាកោះមួយ មានប្រជាជនចំនួន ២២ លាននាក់ ដែលធ្លាប់មានប្រវត្តិសាស្ត្រជនផ្ដាច់ខ្លួន និងការបះបោររបស់លទ្ធិ​ម៉ាក់ស៊ីស​និយម ជាហេតុនាំឲ្យរដ្ឋបាលលោក Duterte ដាក់វាឲ្យស្ថិតនៅក្រោម ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ២៣ ខែឧសភា បន្ទាប់ពីពួកឧទ្ទាមមកពីក្រុមសកម្មប្រយុទ្ធ Maute និងអាប៊ូសាយ៉ាប់រដ្ឋអ៊ីស្លាម បានកាន់កាប់ផ្នែកមួយចំនួន នៅក្នុងទីក្រុងម៉ារ៉ាវី។

គួរបញ្ជាកដែរ គិតត្រឹមថ្ងៃទី ១៦ ខែកក្កដានេះ ជម្លោះនៅទីក្រុងម៉ារ៉ាវី រវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ៥៤៥ នាក់ ក្នុងនោះមានក្រុមជ្រុលនិយម ៤០៥ នាក់, កងកម្លាំងសន្តិសុខ ៩៥ នាក់, ជនស៊ីវិល ៤៥ នាក់ ដោយរាប់បញ្ចូលទាំងជនស៊ីវិលចំនួន ៤០នាក់ ដែលបានស្លាប់ នៅអំទ្បុងពេលជម្លៀសខ្លួនចេញ ពីទីក្រុងម៉ារ៉ាវី រហូតមកទល់ពេលនេះផងដែរ៕

មតិយោបល់