ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ សង្ស័យស្រវឹង បានបើករថយន្តព្រុសមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខណៈដែលមេឃកំពុងតែភ្លៀងរលឹមស្រិចៗ ក៏បានរ៉េចង្កូតរថយន្តទៅបុកក្បាលចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត តែសំណាងល្អដែលមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យថាស្រវឹង បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈដែលមកដល់ម្តុំសួនច្បារក្តាន់២ ដោយសារមេឃកំពុងតែភ្លៀងរលឹមស្រិច អ្នកបើកបររថយន្តទប់ចង្កូតមិនជាប់ ក៏បានរ៉េចង្កូត ទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតតែម្តង។
ក្រោយពេលកើតហេតុ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់កន្លែងកើតហេតុដើម្បីយកព័ត៌មាន ផ្សាយឲ្យប្រជាពលរដ្ឋបានដឹង ប៉ុន្តែមិនទាន់និងបានថតផ្សាយផង បុរសដែលបង្កហេតុខាងលើ បានរត់មកលួចឆក់យកទូរសព្ទដៃម៉ាក IPHONE 6Plus មួយគ្រឿងពីសហការីអ្នកយកព័ត៌មាន រួចយកទៅដាក់ទុកក្នុងហោប៉ៅ ខណៈពេលនោះអ្នកសារព័ត៌មានក៏តាមសុំទូរសព្ទវិញ បែបជាបុរសបង្កហេតុខាងលើ បានយកទូរសព្ទ ដែលខ្លួនបានឆក់នោះ យកទៅបោកចោលនៅលើសួនច្បារក្តាន់២តែម្តង។
ក្រោយពីយកទូរសព្ឌដៃរបស់អ្នកសារព័ត៌មាន បោកហើយនោះ បុរសបង្កហេតុខាងលើ បម្រុងនឹងរត់គេចខ្លួនពីកន្លែងកើតហេតុ ទាំងដែលកម្លាំងប៉ូលិសខណ្ឌ៧មករា នៅជាច្រើននាក់ តែមិនព្រមធ្វើការឃាត់ បែរជាឈរមើលឲ្យបុរសបង្កហេតុខាងលើ ដើរចូលទៅកន្លែងស្នាក់ការរបស់ ក្រសួងការពារជាតិ ខាងលើទៅវិញ ដោយភ្លាមៗ ក្រុមអ្នកសារព័ត៌មាន បានដើរចូលតាមបុរសបង្កហេតុខាងលើ និងប្រជាពលរដ្ឋ ដែលគាត់បានឃើញហេតុការណ៍នេះ ជួយនាំគ្នាដើរតាម បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង នៅទ្វារខាងក្រោយម្តុំកន្លែងកើតហេតុ ដើម្បីហៅឲ្យមកដោះស្រាយគ្នានៅខាងក្រៅវិញ រហូតផ្អើលដល់កម្លាំងអាវុធហត្ថនាំខ្លួនបុរសខាងលើចេញមកខាងក្រៅដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកអ្នកសារព័ត៌មានដែលត្រូវគេបោកទូរសព្ទចោលនោះ បានដាក់ពាក្យបណ្តឹងផងដែរ៕
មតិយោបល់