អាមេរិកៈ ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីជាច្រើន ដែលបានដកចេញនូវបទបញ្ញត្តិនានារបស់រដ្ឋបាលអាណត្តិមុន និងថែមទាំងទទួលបានជោគជ័យ នៅក្នុងការតែងតាំងលោក Neil Gorsuch ឲ្យធ្វើជាចៅក្រមតុលាការកំពូលទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
ទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា អស់រយៈពេល ៦ ខែដំបូងនៅក្នុងតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ មានភាពប្រទាំងប្រទើស និងពេលខ្លះមានការមិនចុះសម្រុងគ្នាទៀតផង ដែលបង្កឲ្យផ្ទុះការតវ៉ាពីសំណាក់អ្នកប្រឆាំងនឹងលោក ក៏ដូចជាអ្នកស្មោះត្រង់ចំពោះរូបលោកផងដែរ។
តាមការបញ្ជាក់របស់លោក Kyle Kondik អ្នកវិភាគមកពីសាកលវិទ្យាល័យ Virginia បានឲ្យដឹងថា អត្រាគាំទ្រលោក ត្រាំ ជាសាធារណៈ គឺមានចំនួនតិចជាង ៤០ ភាគរយ ដែលជាពិន្ទុទាបសម្រាប់ប្រធានាធិបតីថ្មី។
លោកបានបន្ថែមថា «បើប្រៀបទៅនឹងប្រធានាធិបតីមុនៗ ការគាំទ្រច្រើនបំផុត នៅពេលដែលពួកគេទើបតែឡើងកាន់តំណែងដំបូងៗ ប៉ុន្តែសម្រាប់លោក ត្រាំ វិញ គឺមិនដូចច្នោះនោះទេ»។
គួរបញ្ជាក់ដែរថា បញ្ហាចម្បងដែលធ្វើឲ្យលោក ត្រាំ ធ្លាក់ចុះប្រជាប្រិយភាពនេះ គឺដោយសាររងការចោទប្រកាន់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បានឃុបឃិតគ្នាជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ព្រមទាំងបទបម្រាមហាមឃាត់ការធ្វើដំណើរប្រទេសម៉ូស្លីមចំនួន ៦ មកក្នុងទឹកដីសហរដ្ឋអាមេរិកជាដើម៕
មតិយោបល់