ស្របពេលដែលបច្ចេកវិទ្យាចល័តមានការរីកចម្រើនឥតឈប់ឈរ ការចេះទាញយកប្រយោជន៍ពីវាដើម្បីជួយ សម្រួលដល់ការអភិវឌ្ឍអាជីវកម្ម និងដោះស្រាយបញ្ហាក្នុងសង្គម គឺជារឿងដ៏សំខាន់មិនអាចខ្វះបាន។
ដោយមើលឃើញប្រជាជនកម្ពុជា ដែលជួបប្រទះបញ្ហាសុខភាព ពិបាកក្នុងការស្វែងរកព័ត៌មាន និងសេវាសុខាភិបាលដែលប្រកបដោយទំនុកចិត្ត ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយឈ្មោះ Codingate បានសម្រេចផ្តើមបង្កើតចេញនូវកម្មវិធីបច្ចេកវិទ្យា eHealth (សុខភាពអេឡិចត្រូនិច) មួយឈ្មោះ SokhaKrom ឬ “សុខក្រម” ដែលបច្ចុប្បន្នកំពុងពេញនិយមនៅឯប្រទេសជឿនលឿន ដើម្បីជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើវិស័យសុខាភិបាលក្នុងប្រទេស។
លោក សុខ សុភមង្គល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងពិធីដាក់បង្ហាញមួយ នៅថ្ងៃពុធកន្លងទៅថា៖ កម្មវិធីសុខភាពអេឡិចត្រូនិច SokhaKrom នឹងចូលរួមចំណែកក្នុងការជួយបង្កើនប្រសិទ្ធភាព និងទំនុកចិត្តរបស់ពលរដ្ឋខ្មែរទៅលើវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។
យោងតាមការធ្វើបទបង្ហាញ កម្មវិធី SokhaKrom នឹងផ្សារភ្ជាប់រវាងអ្នកជំងឺជាមួយវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាសុខាភិបាល ដែលមានជំនាញត្រឹមត្រូវទៅនឹងប្រភេទនៃជំងឺរបស់ពួកគេ។ អ្នកប្រើប្រាស់អាចស្វែងរកអ្នកឯកទេសផ្នែកវេជ្ជសាស្រ្តផ្សេងៗ រាប់បញ្ចូលទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ទន្តពេទ្យ និងអ្នកព្យាបាលដោយចលនា នៅក្នុងបញ្ជីរាយនាមមួយ ហើយអាចទាក់ទងដើម្បីស្វែងរកសេវាព្យាបាល និងដាក់ពិន្ទុ ឬកម្រិតនៃការពេញចិត្ត លើសេវារបស់ពួកគេនោះ តាមទូរសព្ទដៃខ្លួនផ្ទាល់បាន។
មិនតែប៉ុណ្ណោះ កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីពីក្នុង AppStore (សម្រាប់ទូរសព្ទដៃ iPhone ឬ iPad) ឬពី PlayStore (សម្រាប់ទូរសព្ទដៃ ឬថេប្លេតប្រភេទ Android) នេះ ក៏ប្រមូលផ្តុំចំណេះដឹង និងព័ត៌មានសុខភាពទូទៅខ្លីៗ ឱសថ និងស្ថាបនសុខាភិបាលនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សុភមង្គល បានប្រាប់ Post Tech ថា៖ ការដាក់បញ្ចូលព័ត៌មានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងស្ថាបនសុខាភិបាលផ្សេងៗជាដើម ទៅក្នុងកម្មវិធី SokhaKrom គឺធ្វើឡើងដោយឆ្លងកាត់ការជ្រើសរើសដោយអនុលោមតាមលក្ខខណ្ឌស្តង់ដាពីក្រសួងសុខាភិបាល និងដៃគូសហការក្រុមហ៊ុនឱសថ DKSH គ្រុប ដើម្បីផ្តល់នូវទំនុកចិត្តលើវិជ្ជាជីវៈរបស់ស្ថាប័ន និងអ្នកផ្តល់សេវាសុខាភិបាលទាំងនោះ។
លោកឱ្យដឹងបន្ថែមថា តាមរយៈកម្មវិធី SokhaKrom អ្នកប្រើប្រាស់ ឬអ្នកជំងឺអាចធ្វើការវាយតម្លៃតាមរយៈការដាក់ពិន្ទុទៅលើវេជ្ជបណ្ឌិត ឬស្ថាបនសុខាភិបាលណាមួយដែលខ្លួនបានទៅទទួលសេវាសុខភាពបាន។ តាមមធ្យោបាយនេះ លោកជឿថា ប្រសិទ្ធភាពសេវាសុខភាពនឹងមានភាពកាន់តែល្អប្រសើរឡើងជាមិនខាន។
គួរបញ្ជាក់ថា កម្មវិធីបច្ចេកវិទ្យា eHealth គឺកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសលោកខាងលិច។ ដោយឡែក សម្រាប់កម្ពុជា វាជាលើកទីមួយហើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកបានបង្កើតវាឡើង និងបន្តអភិវឌ្ឍបន្ថែមក្នុងរយៈពេលវែងទៅមុខទៀត ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា៕
អត្ថបទៈ តិចសេង
មតិយោបល់