ព័ត៌មានអន្តរជាតិ

ទាហានអេហ្ស៊ីប ផ្ដាច់ជីវិតពួកភេរវករ ៣០ នាក់ នៅខេត្តស៊ីណាយខាងជើង

អេហ្ស៊ីបៈ កាលពីថ្ងៃសុក្រ កងកម្លាំងអេហ្ស៊ីប បាននិយាយថា ខ្លួនបានសម្លាប់ពួកភេរវករចំនួន ៣០ នាក់ នៅខេត្តស៊ីណាយខាងជើងរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើទ្បើងដោយកងកម្លាំងរដ្ឋាភិបាល បានបញ្ជាក់ថា ពួកភេរវជនទាំងនោះ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា នៅឯខេត្តស៊ីណាយខាងជើង ក្នុងរយៈពេល ០៤ថ្ងៃ ខណៈដែលភេរវករ ០៥ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនផងដែរ។

ប្រទេសអេហ្ស៊ីប បានប្រឈមមុខនឹងការវាយប្រហារភេរវកម្មជាញឹកញាប់ បន្ទាប់ពីអតីតប្រធានាធិបតីអ៊ីស្លាមលោក Mohamed Morsi ត្រូវដកចេញពីតំណែង កាលពីខែកក្កដា ឆ្នាំ ២០១៣ ដោយការតវ៉ាប្រឆាំងរបស់ប្រជាជន ក្នុងប្រទេស។

គួរបញ្ជាក់ដែរថា ភាគច្រើននៃការវាយប្រហារភេរវកម្ម ដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់, បុគ្គលិកយោធា និងប៉ូលិស នៅក្នុងប្រទេសនេះ ត្រូវបានអះអាងថា ជាស្នាដៃរបស់ក្រុមស្មោះត្រង់នឹងពួកសកម្មប្រយុទ្ធ IS ដែលមានមូលដ្ឋាននៅឧទ្វីបស៊ីណាយ៕

មតិយោបល់