ព័ត៌មានអន្តរជាតិ

អាមេរិកឆ្លើយតប រឿងបាញ់មីស៊ីលកូរ៉េខាងជើង ជាមួយនឹងការបង្ហាញពីកងកម្លាំងខ្លួន

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃអាទិត្យថា ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយរបស់ខ្លួន គឺជាការព្រមានមួយទៅដល់ទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋរបស់ខ្លួន ខណ:ដែលអាមេរិក ក៏បានធ្វើការសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីលខ្លួន ដោយទទួលជោគជ័យផងដែរនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៧។

ឆ្លើយតបដោយផ្ទាល់ទៅនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបពីសំណាក់កូរ៉េខាងជើង ដែលបានអួតថា ខ្លួនអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក បេសកកម្មទ្វេភាគីមួយ ដែលដឹកនាំដោយយន្តទម្លាក់គ្រាប់បែកនៃកងកម្លាំងអាមេរិក កាលពីថ្ងៃសៅរ៍ បានហោះឆ្វែលមកលើឧបទ្វីបកូរ៉េ ។

ជាក់ស្ដែងក៏មានសមយុទ្ធមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយកងកម្លាំងអាមេរិក បាបធ្វើតេស្តសាកល្បងជោគជ័យមួយលើប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីល ដែលអាមេរិករំពឹងទុកថា វានឹងត្រូវបានដាក់តំឡើងនៅលើឧបទ្វីបកូរ៉េ។

សូមជំរាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានមោទនភាពយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ប្រទេសខ្លួន ដែលអាចធ្វើការវាយប្រហារដល់គោលដៅណាមួយ នៅអាមេរិក បន្ទាប់ពីការធ្វើតេស្ត ICBM កាលពីថ្ងៃសុក្រ។

ក្រុមអ្នកជំនាញអាវុធអាមេរិក បាននិយាយថា មីស៊ីលកូរ៉េខាងជើង អាចហោះទៅដល់រដ្ឋញូវយ៉ក ដែលវាកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ចំពោះរដ្ឋបាលរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ៕

មតិយោបល់