ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខអាមេរិក៖ ទាហាន ៥,០០០នាក់ នឹងដាក់ទៅកាន់ប្រទេសកូឡុំប៊ី ក្នុងវិបត្តិប្រធានាធិបតី នៅវ៉េណេស៊ុយអេទ្បា ខណៈក្រុង Bogota ឆ្លើយមិនដឹង..

អាមេរិកៈ ស្ថានការវិវឌ្ឍនាពេលថ្មីៗនេះ បានលេចចេញនូវភាពក្តៅគគុក ជុំវិញសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ លើកទ្បើងថា គ្រប់ជម្រើសទាំងអស់ គឺត្រូវស្ថិតនៅលើតុចរចា សម្រាប់វ៉េណេស៊ុយអេទ្បា បន្ទាប់ពីរដ្ឋបាលរបស់លោក បានទទួលស្គាល់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសអាមេរិកខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាខ្លីមួយ កាលពីថ្ងៃច័ន្ទលោក Carlos Holmes រដ្ឋមន្រ្តីក្រសួងការបរទេសកូឡុំប៊ី បាននិយាយថា រដ្ឋាភិបាលរបស់លោក មិនដឹងទេថា ហេតុអ្វីបានជាលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រើពាក្យថា «ទាហានអាមេរិក ៥,០០០ នាក់ នឹងទៅកាន់ប្រទេសកូឡុំប៊ី នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ទណ្ឌកម្មថ្មីលើប្រទេសវ៉េណេស៊ុយអេឡា»។

ដោយរដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា ក្រុង Bogota នឹងបន្តធ្វើនយោបាយ រួមទាំងផ្នែកការទូត ក្នុងការស្ដារស្ថានការណ៍ឡើងវិញ នៅវេណេហ្ស៊ុយអេឡា ដើម្បីការបោះឆ្នោតថ្មី ត្រូវបានរៀបចំ។

ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យមានការចោទសួរ លោក Bolton ថា តើរដ្ឋបាលលោក ត្រាំ មានគម្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ទៅកាន់ប្រទេសកូឡុំប៊ី ដោយសារតែវិបត្តិប្រធានាធិបតី នៅវ៉េណេស៊ុយអេទ្បា ដែលស្ថិតនៅក្បែរប្រទេសជិតខាងឬយ៉ាងណា។

ដោយការចោទសួរនេះ បានកើតទ្បើងក្នុងសន្និសីទសារព័ត៌មានមួយ ដែលក្នុងនោះលោក Bolton និងលេខាធិការរតនាគារលោក Steven Mnuchin បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា៕

មតិយោបល់