អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានសរសើរមេដឹកនាំកូរ៉េខាងជើង ដែលបានសម្រេចចិត្តផ្អាកផែនការវាយប្រហារមីស៊ីល ឆ្ពោះទៅកាន់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា « មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ និងមានហេតុផលយ៉ាងជ្រាលជ្រៅ» ដោយលោកបានលើកទ្បើងថា « ប្រសិនបើក្រុងព្យុងយ៉ាង ហ៊ានវាយប្រហារអាមេរិកមែននោះ នឹងមានគ្រោះមហន្តរាយ រួមទាំងលទ្ធផលមិនអាចទទួលយកបានផ្សេងៗផងដែរ» ។
សូមជំរាបថា កាលពីសប្តាហ៍មុន លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ជាមួយនឹងការព្រមានទៅប្រទេសកូរ៉េខាងជើងថា «ប្រសិនបើនៅតែបន្តគំរាមកំហែងដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយកម្មវិធីមីស៊ីលផ្លោងទៀតនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រើវិធានការក្ដៅៗ តបទៅវិញ ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក»។
យោងតាមភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់អាចទាយទុកជាមុនទេថា ការបាញ់មីស៊ីលឆ្ពោះទៅកាន់កោះហ្គាម នឹងត្រូវធ្វើទ្បើងនៅពេលណានោះ ប៉ុន្តែគ្រាន់តែដឹងថា ផែនការនេះ ត្រូវបានមេដឹកនាំកូរ៉េខាងជើង សម្រេចផ្អាកប្រតិបត្តិការហើយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីលោក គីម បានផ្អាកផែនការវាយប្រហារនេះ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Rex Tillerson បាននិយាយថា ក្រុងវ៉ាស៊ីនតោននៅតែត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺអាស្រ័យលើលោក គីម យល់ព្រមចាប់ផ្តើមវានៅពេលណា៕
មតិយោបល់