អេស្ប៉ាញៈ អ្នកបើករថយន្តដឹកទំនិញម្នាក់ បានបើករថយន្តបំបុកចូលហ្វូងអ្នកថ្មើរជើង នៅតាមផ្លូវដ៏ពេញនិយមមួយកន្លែង ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ១៣ នាក់ ដែលការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
ក្រោយកើតហេតុ ប៉ូលិសបានប្រកាសចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាជនជាតិអេស្បាញ និងម៉ារ៉ុក ខណៈដែលពួកគេកំពុងរត់គេចខ្លួន។
តាមការបញ្ជាក់ពីសាក្សី ឃើញហេតុការណ៍នេះ បានប្រាប់ពីទិដ្ឋភាពដ៏ភាពវឹកវរ និងភ័យរន្ធត់ បន្ទាប់ពីមានសាកសពជាច្រើន បានស្ថិតនៅតាមបណ្តោយមហាវិថីដ៏ល្បីល្បាញ ខណៈដែលមនុស្សផ្សេងទៀត បាននាំគ្នាភៀសខ្លួនសម្រាប់ជីវិតរបស់ពួកគេ ដោយស្រែកយំក្នុងភាពស្លន់ស្លោ។
ភាពចលាចលនៅក្នុងទីក្រុង ដ៏មានប្រជាប្រិយភាពខ្លាំងបំផុត ជាមួយនឹងអ្នកទេសចរណ៍មកពីជុំវិញពិភពលោក ត្រូវបានគេចាត់ទុកថា ជាសកម្មភាពវាយប្រហារភេរវកម្មចុងក្រោយបង្អស់ នៅទ្វីបអឺរ៉ុប ដែលភេរវករប្រើប្រាស់រថយន្តធ្វើជាអាវុធ។
គួរបញ្ជាក់ដែរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រចាំតំបន់ លោក Joaquim Forn បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈមនុស្ស ១០០ នាក់ផ្សេងទៀតបានរងរបួស ដោយភាគច្រើនជាជនបរទេស៕
មតិយោបល់