ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអូស្រ្តាលីថា ការគ្រាំទ្រដល់អាមេរិក នឹងក្លាយជាសកម្មភាពធ្វើអត្តឃាត

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រឆាំងការគាំទ្ររបស់ប្រទេសអូស្ត្រាលី ទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយបានព្រមានថា វាជាសកម្មភាពធ្វើអត្តឃាតមួយ ប្រសិនបើប្រទេសទាំងនោះ វាយប្រហារទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

ការព្រមាននេះ បានធ្វើទ្បើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានថ្កោលទោស ចំពោះការអភិវឌ្ឍសព្វាវុធរបស់កូរ៉េខាងជើង ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលកូរ៉េខាងជើង បានបង្ហាញឥរិយាបទមិនយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់ប្រជាជនខ្លួនទ្បើយ ហើយក៏មិនគិតពីសន្តិសុខ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងខ្លួននោះទេ ជាពិសេសមិនគោរពច្បាប់អន្តរជាតិថែមទៀងផង»។

លោកបានបន្ថែមថា «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដង ក្នុងនោះរួមទាំងការអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការគំរាមគំហែង ឬការបង្កហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ និងពិភពលោករបស់យើង» ។

កាលពីសប្តាហ៍មុន លោក Turnbull បានប្រាប់ស្ថានីយ៍វិទ្យុក្នុងទីក្រុងមែលប៊នថា «ប្រសិនបើមានការវាយប្រហារមួយ នៅដែនដីរបស់អាមេរិកនោះ រដ្ឋបាលលោក នឹងបញ្ជូនកងទ័ពទៅភ្លាម ដើម្បីជាកិច្ចការពារ ដោយផ្អែកតាមសន្ធិសញ្ញាសន្តិសុខអូស្ត្រាលី,នូវែលសេឡង់ និងសហរដ្ឋអាមេរិក (ANZUS) ។

សូមជំរាបថា កងយោធាអូស្រ្តាលី និងអង់គ្លេសមួយចំនួនតូច ត្រូវបានគេដាក់ពង្រាយ ដើម្បីចូលរួមសមយុទ្ធ Ulchi-Freedom Guardian រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានរយៈពេល ១០ ថ្ងៃ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសកូរ៉េខាងជើង បានហៅការធ្វើសមយុទ្ធនេះថា ជាការហាត់សមដ៏ខ្លាំងក្លាមួយ សម្រាប់ការលុកលុយ៕

មតិយោបល់