ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង បញ្ជាឲ្យត្រួតពិនិត្យម៉ាស៊ីនមីស៊ីល ICBM ចំពេលមានភាពតានតឹងជាមួយអាមេរិក

កូរ៉េៈ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថានសម្ភារៈគីមី នៃណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ របស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យបង្កើនផលិតភាពក្បាលកាំជ្រួច និងម៉ាស៊ីនរ៉ុក្កែត សម្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs)។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក គីម មិនត្រូវបានគេផ្តល់ឲ្យនោះទេ។

វិទ្យាស្ថានដែលលោក គីម បានធ្វើដំណើរទស្សកិច្ចនោះ ត្រូវបានគេរាយការណ៍ថា បានចូលរួមនៅក្នុងការផលិតម៉ាស៊ីនរ៉ុក្កែត និងក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាវត្ថុធាតុដើមកាបូន ដែលប្រើសម្រាប់ម៉ាស៊ីនផងដែរ។

សូមជំរាបថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែអាក្រក់ខ្លាំងទ្បើង បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ពីសំណាក់កូរ៉េខាងជើងចំនួនពីរលើក នៅក្នុងខែកក្កដាកន្លងទៅ ដែលផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៥ ខែសីហា បានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មថ្មីបន្ថែមទៅលើកូរ៉េខាងជើងផងដែរ៕

មតិយោបល់