ព័ត៌មានអន្តរជាតិ

ប៉ូលិសហូទ្បង់ លុបចោលការប្រគុំតន្រ្តីមួយ បន្ទាប់ពីទទួលបានព័ត៌មានគំរាមគំហែងភេរវកម្ម

ហូទ្បង់ៈ មន្ត្រីប៉ូលិសក្នុងប្រទេស កំពុងស៊ើបអង្កេតការគំរាមកំហែងមួយ នៅទីក្រុង Rotterdam បន្ទាប់ពីការផ្អាកដំណើររថយន្តដឹកទំនិញអេស្ប៉ាញមួយគ្រឿង ដែលមានផ្ទុកធុងឧស្ម័ន ខណៈអ្នកបើកបរ ត្រូវបានចាប់ខ្លួនផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

រថយន្តដែលមានស្លាកអាជ្ញាប័ណ្ណអេស្ប៉ាញ ត្រូវបានផ្អាកដំណើរដោយប៉ូលិស នៅចន្លោះម៉ោង ០៩ ទៅម៉ោង ១០ កាលពីយប់ម្សិលមិញ ក្រោយរកឃើញថា រថយន្តនោះ មានផ្ទុកធុងឧស្ម័ន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលទីក្រុង Rotterdam បាននិយាយថា រថយន្តដឹកទំនិញនោះ បានបើកបរយ៉ាងគួរឲ្យសង្ស័យពីផ្លូវមួយទៅផ្លូវមួយផ្សេងទៀត តាមផ្លូវក្បែរសាលប្រគុំតន្ត្រី Maassilo ជាកន្លែងការប្រគំតន្ត្រីប៉ុបមួយ ដែលត្រូវបានប៉ូលិសបញ្ជាឲ្យលុបចោល កាលពីរាត្រីថ្ងៃពុធ ដោយសារតែការគំរាមកំហែងភេរវកម្ម។

សូមជំរាបថា សាលនោះ ត្រូវបានគេជម្លៀសមនុស្សចេញ ក្នុងរយៈពេលដ៏ខ្លី ខណៈមនុស្សរាប់សិបនាក់ ដែលមានបំណងចង់ចូលមើលការប្រគុំតន្រ្តីនៅទីនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងអគារនោះទេ៕

មតិយោបល់