ប្រេស៊ីលៈ តាមអាជ្ញាធរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សោកនាដកម្មលិចកប៉ាល់ពីរ នៅពេលថ្មីៗនេះ ក្នុងប្រទេសប្រេស៊ីល បានបណ្ដាលឲ្យមនុស្សសរុបចំនួន ៣៩ នាក់ស្លាប់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។
ឧបទ្ទវហេតុចុងក្រោយបំផុត បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅជិតទីក្រុង Salvador ភាគខាងកើតរដ្ឋ Bahia ជាកន្លែងដែលកប៉ាល់ដឹកអ្នកដំណើរប្រមាណ ១១៦ នាក់ និងនាវិក ០៤ នាក់ បានលិចភ្លាមៗ បន្ទាប់ពីចាកចេញពីកំពង់ផែនៅវេលាម៉ោង ០៦ និង ៣០ នាទីល្ងាច (ម៉ោងក្នុងស្រុក) ដោយមនុស្សសរុបចំនួន ១៨ នាក់ បានលង់ទឹកស្លាប់ ខណៈដែលមនុស្ស ៨៩នាក់ ត្រូវបានគេសង្គ្រោះនៅពេលរសៀល។
ដោយទ្បែកកាលពីថ្ងៃពុធ ក៏មានទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បានលិចផងដែរ នៅទន្លេ Xingu នៃរដ្ឋ Para ក្នុងតំបន់អាម៉ាហ្ស៊ុនភាគខាងជើងប្រទេសប្រេស៊ីល ដែលបានសម្លាប់មនុស្ស ២១ នាក់។
ប្រភពដដែរបានឲ្យដឹងថា មនុស្ស ២៣ នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងហេតុការណ៍នោះ ហើយ ០៥ នាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ៕
មតិយោបល់