ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្តស្វែងរកដំណោះស្រាយសន្តិវិធី បើទោះបីកូរ៉េខាងជើង ទើបបាញ់មីស៊ីលក៏ដោយ

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសខ្លួននឹងបន្តស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ បើទោះបីទើបតែមានការបាញ់មីស៊ីលនាពេលថ្មីៗ ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើងក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

ថ្លែងប្រាប់ទៅសារព័ត៌មាន Fox News លោក Tillerson បាននិយាយថា «ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយវាក៏ជាសកម្មភាពបង្កហេតុ ដែលប្រឆាំងជាមួយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ»។

លោក Tillerson បានបន្ថែមថា «អាមេរិក នឹងនៅតែបន្តយុទ្ធនាការសន្តិភាពរបស់ខ្លួន ដើម្បីដាក់សម្ពាធដល់ទីក្រុងព្យុងយ៉ាង ដោយធ្វើការជាមួយសម្ព័ន្ធមិត្តខ្លួន រួមជាមួយចិនផងដែរ ដើម្បីអាចនាំរបបមួយនេះ ទៅរកតុចរចាបាន»។

ជុំវិញបញ្ហានេះដែរ បញ្ជាការដ្ឋានអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនបីគ្រាប់ នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែក្នុងចំណោមមីស៊ីលទាំងនោះ ពុំបង្កឲ្យមានការគំរាមកំហែងអ្វីនោះទេ។

គួរបញ្ជាក់ដែរថា ការបាញ់មីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង បានធ្វើឡើងចំពេលអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរបស់ពួកគេ ដែលក្រុងព្យុងយ៉ាងចាត់ទុកថា វាជាទង្វើបង្កហេតុមួយ៕

មតិយោបល់