ជប៉ុនៈ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានការបាក់ដី នៅភាគខាងលិចប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ ហើយកាន់តែបង្កើនហានិភ័យបន្ថែមទៀត នៅក្នុងតំបន់ដែលរងគ្រោះ បន្ទាប់ពីមនុស្សជាច្រើន បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ កាលពីខែកក្កដា ខណៈវាក៏បានជំរុញអាជ្ញាធរចេញលិខិតណែនាំ ដើម្បីជម្លៀសមនុស្សជាង ៦០,០០០ នាក់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
ចំណុចកណ្តាលនៃព្យុះទីហ្វុងឈ្មោះថា ស៊ីម៉ូរ៉ាន មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីខាងត្បូងកោះស៊ីកូកូ ដែលជាកោះតូចបំផុត ក្នុងចំណោមកោះធំៗទាំង ៤ របស់ប្រទេសជប៉ុន ដោយបានធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសពាយព្យនៅវេលាម៉ោង ២ ទៀបភ្លឺ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ព្យុះនេះ ទំនងជានឹងត្រូវបានកាត់ផ្តាច់ នៅពេលឆ្លងកាត់តំបន់ភាគខាងលិចប្រទេសជប៉ុន នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយនៅឯកិច្ចប្រជុំក្នុងការិយាល័យកណ្តាល របស់រដ្ឋាភិបាលថា គ្រោះមហន្តរាយ នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕

មតិយោបល់