អាមេរិកៈ ប្រភពពីមន្រ្តីមូលដ្ឋាន បាននិយាយថា មនុស្សប្រមាណជាជិត ៤០ នាក់ ទំនងជាត្រូវបានស្លាប់ ឬកំពុងមានការព្រួយបារម្ភថា អាចនឹងស្លាប់ បន្ទាប់ពីទឹកជំនន់ដោយសារព្យុះត្រូពិច Harvey វាយប្រហារនៅរដ្ឋតិចសាស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។
មកទល់ពេលនេះ អាជ្ញាធរនៅតែបន្តស្វែងរកជនរងគ្រោះ ដែលគេជឿថា បានស្លាប់អំឡុងពេល មានគ្រោះទឹកជំនន់ក្នុងតំបន់ ខណៈក្រុមមន្រ្តីមូលដ្ឋាន បានរំពឹងទុកថា នឹងរកឃើញសាកសពបន្ថែមទៀត នៅពេលដែលទឹកជំនន់ស្រកទៅវិញ។
សូមជំរាបថា មនុស្សជាង ២០ នាក់ហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងតំបន់ផ្នែកធំៗជាច្រើននៃទីក្រុង Houston, Port Arthur និង Beaumont កំពុងជន់លិចដោយទឹកជំនន់។
អភិបាលរដ្ឋតិចសាស បានិយាយថា ព្យុះ Harvey បានផ្លាស់ប្តូរគោលដៅវាយប្រហាររបស់វា ឆ្ពោះទៅកាន់រដ្ឋ Louisiana ជាកន្លែងកំពុងមានការព្រមានអំពីគ្រោះទឹកជំនន់ ហើយមនុស្សជាង ៨,៥០០ នាក់ហើយ ត្រូវបានធ្វើការជួយសង្គ្រោះ ខណ:ដែលជាង ៣២,០០០ នាក់ទៀត កំពុងស្ថិតនៅក្នុងជម្រកនៅទូទាំងរដ្ឋ៕




មតិយោបល់