ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជានឹងផ្លាស់ប្ដូរគោលដៅបាញ់មីស៊ីលផ្លោងអន្តរទ្វីប

កូរ៉េ: កាសែត Asia Business Daily របស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចនឹងផ្លាស់ប្តូរគោលដៅបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។

តាមរបាយការណ៍ បានឲ្យដឹងថា ដំណើរការផ្លាស់ប្ដូរនេះ បានចាប់ផ្តើមកាលពីយប់ថ្ងៃច័ន្ទ នៅថ្ងៃបន្ទាប់ពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួន ដោយបានបើកដំណើរការមូលដ្ឋាន សម្រាប់កម្មវិធីមីស៊ីល នៅលើឆ្នេរសមុទ្រភាគខាងលិចប្រទេស ដើម្បីបញ្ចៀសរាល់ការឃ្លាំមើលនានា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់អាចបញ្ជាក់ពីព័ត៌មាននោះទេ ប៉ុន្តែកាលពីថ្ងៃច័ន្ទក្រសួង បាននិយាយថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់សាកល្បងមីស៊ីល ICBM ជាច្រើនបន្ថែមទៀត៕

មតិយោបល់