អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធសរុបចំនួន ៩៩ នាក់ស្លាប់ និង ៦០ នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការរយៈពេល ២៤ម៉ោងចុងក្រោយ របស់យោធាអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦។
នៅក្នុងរយៈពេល ២៤ម៉ោង ជាលទ្ធផលនៃប្រតិបត្ដិការបោសសំអាតរួមគ្នា របស់កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន ក្នុងគោលបំណងដើម្បីផ្តួលរំលំ ពួកឧទ្ទាម និងការពារជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាជននោះ ពួកឧទ្ទាមប្រដាប់អាវុធចំនួន ៩៩ នាក់ ត្រូវបានសម្លាប់ និង ៦០នាក់ទៀតរងរបួស នេះបើតាមក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។
កងកម្លាំងខាងក្រោម ត្រូវបានគាំទ្រដោយកងទ័ពកាំភ្លើងធំធុនធ្ងន់ និងកម្លាំងអាកាស អំឡុងពេលប្រតិបត្តិការវាយឆ្មក់ ដែលបានធ្វើឡើង ១៨លើក នៅខេត្តចំនួន ៣៤ ក្នុងប្រទេស។
ក្នុងនោះខេត្តមួយ មានពួកសកម្មប្រយុទ្ធចំនួន ៤៨ រួមបញ្ចូលទាំងមេបញ្ជាការក្រុមបះបោរឈ្មោះ Hanzullah ត្រូវបានសម្លាប់ និង ៣៦នាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះចម្បាំងកងទ័ពអាហ្វហ្គានីស្ថាន បានវាយប្រហារក្រុមសកម្មប្រយុទ្ធ នៅកន្លែងលាក់ខ្លួន ក្នុងស្រុក Ziruk និង Gayan ភាគខាងកើតខេត្ត Paktika៕
មតិយោបល់