អាមេរិកៈ ឆ្លើយតបទៅនឹងសុន្ទរកថារបស់មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង សេតវិមានកាលពីថ្ងៃចន្ទ បានឲ្យដឹងថា អាមេរិកមិនបានប្រកាសសង្គ្រាម ជាមួយប្រទេសកូរ៉េខាងជើងនោះទេ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងទីក្រុងញួយ៉ក លោក Ri Yong-ho រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បាននិយាយថា «ពាក្យសម្ដីចេញពីមាត់របស់ប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុន គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាម យ៉ាងច្បាស់ណាស់ ហើយក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់យន្ដហោះចម្បាំងអាមេរិក ក្នុងការការពារខ្លួន បើទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders ក៏បានធ្វើការច្រានចោលផងដែរ ដោយសំអាងថា ការលើកទ្បើងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង គឺមិនសមហេតុផលទាល់តែសោះ។
ដោយលោកស្រីបានបន្ថែមថា «យើងមិនបានប្រកាសសង្គ្រាម ជាមួយកូរ៉េខាងជើងទ្បើយ ហើយការថ្លែងរបស់អ្នកការទូតក្រុងព្យុងយ៉ាង គឺមិនសមហេតុផលទាល់តែសោះ ដោយលោកស្រីបានអះអាងថា ធាតុពិតយើងគ្រាន់តែចង់បន្តគោលដៅខ្លួន ក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដោយសន្តិវិធីតែប៉ុណ្ណោះ»៕
មតិយោបល់