ថៃៈ ជនជាតិថៃម្នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួសពេលគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅយប់ថ្ងៃអង្គារ នៅជិតសណ្ឋាគារក្នុងទីក្រុងឆ្នេរសមុទ្រនៃខេត្តប៉ាត់តានីភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ២០១៦។
ប៉ូលិសបាននិយាយថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីការផ្ទុះគ្រាប់បែកជាស៊េរីមួយដែលបានវាយប្រហារភាគខាងត្បូង មិនដល់ពីរសប្តាហ៍ផង។
វរសេនីយ៍ទោ Winyu Tamraj បានប្រាប់ សារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ការផ្ទុះដំបូងនៅក្នុងកន្លែងចតរថយន្តមួយ ពីក្រោយសណ្ឋាគារភាគខាងត្បូងមិនបណ្តាលឱ្យស្លាប់និងរបួសទេ។
លោកបានថ្លែងថា «ការផ្ទុះលើកទីពីរបានកើតឡើងដោយរថយន្គមួយគ្រឿងដែលចតនៅមាត់ទ្វារចូលសណ្ឋាគារ ទុលមុខ បារខារ៉ាអូខេ និងហាងម៉ាស្សា បានបណ្តាលឲ្យស្លាប់ម្នាក់ និង ៣០នាក់រងរបួស»។លោកបានបន្ថែមថា «អាគារសណ្ឋាគារនេះត្រូវបានរងការខូចខាតគួរឱ្យកត់សម្គាល់»។
បុគ្គលិកម្នាក់របស់មន្ទីរពេទ្យក្រុងបាននិយាយថាមនុស្ស ៣២នាក់បានរងរបួសក្នុងនោះ ៥នាក់ធ្ងន់ធ្ងរ។បុគ្គលិកសុំមិនបញ្ចេញឈ្មោះរូបនេះបន្ថែមថា ជនរងគ្រោះទាំងអស់ ជាជនជាតិថៃ ។
ស្ថានទូតភាគច្រើនបានព្រមានមិនឲ្យប្រជាជនខ្លួនធ្វើដំណើរទៅទីក្រុងប៉ាតានីទេ ដោយសារតែជម្លោះរ៉ាំរ៉ៃរវាងពុទ្ធសាសនិកភាគច្រើនរបស់ប្រទេសនេះ និងក្រុមឧទ្ទាមមូស្លីមងងឹតងងុល ដែលកំពុងស្វែងរកស្វ័យភាពឲ្យកាន់តែច្រើន៕


មតិយោបល់