ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង ប្តេជ្ញាសងសឹកប្រឆាំងនឹងលោក ត្រាំ ជុំវិញរឿងគំរាមវាយកម្ទេចប្រទេសខ្លួន

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាសងសឹកប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការនិយាយព្រមានរបស់លោក ដែលថានឹងវាយកម្ទេចកូរ៉េខាងជើងនោះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ការឆ្លើយតបពីក្រុងព្យុងយ៉ាង ទៅកាន់អាមេរិកវិញ នៅមិនទាន់បញ្ចប់​នោះទេ ដោយក្រៅពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏នៅមានរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានចេញមុខវាយបកទៅវិញផងដែរ បន្ទាប់ពីលោក ត្រាំ បានថ្លែងនៅចំពោះមុខមហាសន្និបាតនៃអន្តរជាតិថា នឹងបំផ្លាញប្រទេសកូរ៉េខាងជើងទាំងស្រុងនោះ។

ដោយលោក Ri បាននិយាយថា « នៅពេលឆ្កែព្រុស តាមធម្មតាអ្វីៗនឹង​កញ្ជ្រោលទៅតាមនោះ។ យ៉ាងណាមិញបើសិនលោក ត្រាំ ពិតជាមានបំណងចង់បង្អើលយើង ​ជាមួយ​នឹងសំឡេងឆ្កែព្រុសនោះ លោកកំពុងតែយល់សប្តិហើយ»។

សូមជំរាបថា បើទោះបីមានការដាក់ទណ្ឌកម្មពីអន្តរជាតិ និងការព្រមានធ្ងន់ៗរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា កូរ៉េខាងជើងនៅតែគឃ្លើន ធ្វើការសាកល្បងបាញ់អាវុធនុយក្លេអ៊ែរ និង​មីស៊ីលផ្លោងរបស់ខ្លួនជាបន្តបន្ទាប់ ដោយមិន​ខ្លាចញញើត​អ្វីទាំងអស់៕

មតិយោបល់