ព័ត៌មានអន្តរជាតិ

ប្រជាជនកូរ៉េខាងជើង ៤,៧ លាននាក់ ត្រៀមខ្លួនរួចរាល់ ក្នុងការស្ម័គ្រចិត្តធ្វើទាហាន ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងអាមេរិក

អាមេរិកៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន គឺមិនបាននិយាយលេងសើចនោះទេ ខណៈដែលលោកបានលើកទ្បើងថា ក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមកាសែត​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើងប្រមាណ ៤,៧ លាននាក់ រួមមាននិស្សិត និងកម្មករ ដោយតាមការប៉ាន់ស្មានមានស្ត្រីចំនួនប្រហែល ១,២២ លាននាក់ បានបញ្ជាក់ថា ប្រសិនបើមានសង្គ្រាមផ្ទុះទ្បើងមែននោះ ពួកគេនឹងស្ម័គ្រចិត្តចូលបម្រើការនៅក្នុងជួរកងទ័ពប្រជាជនកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីសប្ដាហ៍មុន លោក គីម បានប្ដេជ្ញាថា នឹងចាត់វិធានការ ក្នុងសកម្មភាពកម្រិតខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។

ដោយលោក ត្រាំ បានថ្លែងទៅកាន់មេដឹកនាំពិភពលោកជាច្រើននាក់ថា អាមេរិក នឹងវាយកម្ទេចកូរ៉េខាងជើងឲ្យទៅជាផេះ ប្រសិនបើនៅតែបន្តការគំរាមគំហែងប្រទេសខ្លួន និងសម្ព័ន្ធមិត្តអាមេរិក។

គួររំឭកថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន ដែលបានឈានទៅដល់ការប៉ះទង្គិចវោហាសាស្ត្រ រវាងមេដឹកនាំមហាអំណាច និងកូរ៉េខាងជើងកាន់តែខ្លាំងទ្បើង៕

មតិយោបល់