Find My iPhone គឺជាមុខងារដ៏មានសារសំខាន់បំផុតមួយនៅលើទូរសព្ទដៃ iPhone និង iPad។ សម្រាប់ iOS 11 របៀបបើកដំណើរការមុខងារនេះ មានភាពខុសគ្នាបន្តិចពីជំនាន់ចាស់។ ដូច្នេះ ប្រសិនបើលោកអ្នក Update ឡើងដល់ជំនាន់ចុងក្រោយនេះហើយ សូមកំុភ្លេចបើកវាប្រើផង តាមវិធីខាងក្រោមនេះ ដើម្បីបង្ការករណីទូរសព្ទដ៏មានតម្លៃរបស់ខ្លួនបាត់ដោយប្រការណាមួយ៖
របៀបអនុវត្ត៖
I- វិធីបើកមុខងារ Find My iPhone លើ iPhone ប្រើ iOS 11
– ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings នៅលើ iPhone ឬ iPad របស់លោកអ្នក
– បន្ទាប់មក ចុចលើ Apple ID របស់លោកអ្នក ដែលឋិតនៅផ្នែកខាងលើនៃផ្ទាំងកម្មវិធី
– បន្ទាប់មកទៀត សូមចុចលើ iCloud រួចអូសចុះ និងចុចលើ Find My iPhone
– ជាចុងក្រោយ ចុចកុងតាក់បើកវា ជាការស្រេច។
បញ្ជាក់ៈសម្រាប់ប្រិយមិត្តណាមិនទាន់មាន Apple ID អាចទស្សនាវីដេអូបង្ហាញពីរបៀបបង្កើតនៅខាងក្រោមបាន៖
II- របៀបប្រើប្រាស់ Find My iPhone នៅលើ iPhone ឬ iPad
ក្នុងករណីទូរសព្ទបាត់ដោយប្រការណាមួយ លោកអ្នកអាចប្រើប្រាស់មុខងារនេះ នៅលើឧបករណ៍ដើរដោយប្រព័ន្ធ iOS ដទៃបាន ដោយឧទាហរណ៍លើ iPhone៖
– ចូលទៅកាន់កម្មវិធី Find My iPhone លើ iPhone ឬ iPad (បើមិនទាន់មានអាចទាញយកពី App Store បានដោយឥតគិតថ្លៃ)
– ចុះឈ្មោះជាមួយគណនី iCloud ឬ Apple ID ដែលលោកអ្នកបានប្រើលើ iPhone ឬ iPad ដែលបានបាត់
– ចុចលើឈ្មោះ iPhone ឬ iPad ដែលលោកអ្នកកំពុងចង់តាមរកនោះ
– ចុចលើ Action ដែលឋិតនៅខាងក្រោមផ្ទាំងកម្មវិធី នោះលោកអ្នកនឹងឃើញនូវជម្រើស ៣៖
1- Play sound: បញ្ជាពីចម្ងាយឱ្យទូរសព្ទដែលបានបន្លឺសំឡេងរោទិ៍ឡើង ទោះវាត្រូវបានដាក់ញ័រ ឬបិទសំឡេងក៏ដោយ។ លោកអ្នកអាចជ្រើសរើសវា នៅពេលដែលលោកអ្នកគិតថា ទូរសព្ទដែលកំពុងបាត់ ឋិតនៅបរិវេណក្បែរខ្លួន។
2- Lost mode: ប្រសិនបើរើសយកជម្រើសនេះ លោកអ្នកនឹងត្រូវាបានស្នើឱ្យបញ្ចូលលេខទូរសព្ទដែលនឹងបង្ហាញលើអេក្រង់ទូរសព្ទដែលបានបាត់ ដើម្បីស្នើឱ្យអ្នកដែលរើសបានទូរសព្ទមកទាក់ទងប្រគល់ឱ្យលោកអ្នកវិញ។
3- Erase: ប្រសិនបើលោកអ្នកគ្មានសង្ឃឹមអាចរកទូរសព្ទមកវិញបានទេ អាចជ្រើសយកជម្រើសនេះបាន ដោយវានឹងបញ្ជាលុបទិន្នន័យលើទូរសព្ទដែលបាត់ពីចម្ងាយតែម្តង ដើម្បីការពារមិនឱ្យទិន្នន័យ ឬឯកសារផ្ទាល់ខ្លួនធ្លាក់ក្នុងដៃអ្នកទទៃ។
គួរបញ្ជាក់ថា នៅលើផ្ទាំងកម្មវិធី Find My iPhone នេះដែរ លោកអ្នកក៏អាចតាមដានទូរសព្ទដែលបានបាត់ផងដែរ តាមរយៈកម្មវិធីផែនទីបង្ហាញឡើងក្នុងកម្មវិធី៕
មតិយោបល់