ម៉ាឡេស៊ីៈ អធិការកិច្ចទូទៅនៃប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រជាជនម៉ាឡេស៊ីច្រើនជាង ៥០នាក់ បានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (ISIS)នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយពេលនេះ មានបំណងចង់វិលត្រឡប់មកប្រទេសម៉ាឡេស៊ីវិញ ប៉ុន្តែខ្លាចត្រូវពួក ISIS អារកសម្លាប់។
នេះបើយោងតាមរយៈ សារព័ត៌មាន Malaysiakini ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
រដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ប្រសិនបើពួកគេចង់វិលត្រឡប់មកកាន់ខ្លួនវិញ រដ្ឋាភិបាលនិងរកវិធីជួយ ប៉ុន្តែពួកគេ ក៏ត្រូវតែស្វែងរកវិធីផ្ទាល់ខ្លួនផងដែរ។
លោក Khalid បាននិយាយថា ប្រជាជនម៉ាឡេស៊ីប្រមាណជា ៦០នាក់ ត្រូវបានគេជឿថា បានចូលរួមជាមួយក្រុមជ្រុលនិយម (ISIS) នៅប្រទេសស៊ីរី ហើយក្នុងនោះដែរ ពួកគេ ១៤នាក់ ត្រូវបានរាយការណ៍ថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានស្លាប់នៅក្នុងប្រទេសស៊ីរី ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបោសសម្អាត ក្រុមជ្រុលនិយម (ISIS)ចំនួន ២៦០នាក់ ត្រូវបានចាប់ខ្លួន ហើយដាក់ពន្ធនាគារ៕
មតិយោបល់