ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ឆ្ពោះទៅដល់ឧបទ្វីបកូរ៉េ ដើម្បីធ្វើសមយុទ្ធដ៏ខ្លាំងក្លាជាមួយកូរ៉េខាងត្បូង

អាមេរិកៈ នាវាផ្ទុកយន្តហោះ USS Ronald Reagan បំពាក់ដោយគ្រាប់មីស៊ីល និងនាវាមុជទឹកនុយក្លេអ៊ែរ បានធ្វើដំណើរឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ដើម្បីរៀបចំធ្វើសង្រ្គាមដ៏មានសក្តានុពល ប្រឆាំងជាមួយកូរ៉េខាងជើង ខណៈដែលរបបមួយនេះ កំពុងរៀបចំផែនការសាកល្បងមីស៊ីលថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។

កាលពីរសៀលថ្ងៃសុក្រ នាវា USS Ronald Reagan របស់អាមេរិក ដែលមានផ្ទុកយន្តហោះជិត ៨០ គ្រឿង បានធ្វើដំណើរមកកាន់ឆ្នេរសមុទ្រកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សម្ព័ន្ធមិត្តទាំងពីរ (អាមេរិក-កូរ៉េខាងត្បូង) នឹងធ្វើសមយុទ្ធរួមគ្នា ដើម្បីតាមដាន ក៏ដូចជាប្រឆាំងនិងការបាញ់មីស៊ីលផ្លោងបន្ថែម ពីសំណាក់កូរ៉េខាងជើង ដែលសមយុទ្ធយោធានេះ ទំនងជានឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលាខាងមុខ។

សូមជំរាបថា សមយុទ្ធនេះ គឺរៀបចំទ្បើងដោយកងយោធាអាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាថែរក្សាស្ថេរភាពនៅក្នុងតំបន់ផងដែរ៕

មតិយោបល់