បរទេសៈ ប្រភពពីទូរទស្សន៍ក្នុងស្រុកមួយ បានឲ្យដឹងថា ទូកដឹកពលរដ្ឋរ៉ូហ៊ីងយ៉ាជាច្រើននាក់ បានលិចកាលពីយប់ថ្ងៃអាទិត្យ នៅមាត់ទន្លេណាហ្វ ដែលជាកន្លែងបែងចែកប្រទេសបង់ក្លាដេស និងមីយ៉ាន់ម៉ា បណ្តាលឲ្យស្លាប់មនុស្ស ០២នាក់ និង ៣២ នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។
ក្រុមមន្ត្រីប្រទេសបង់ក្លាដែស បានបញ្ជាក់ថា សាកសពចំនួន ០២ នាក់ ត្រូវបានរកឃើញ នៅឈូងសមុទ្រ Bay នៃតំបន់ Bengal ក្បែរកោះ Shah Porir ស្ថិតនៅចម្ងាយប្រហែល ២៩២ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីដាកានៃប្រទេសបង់ក្លាដែស។
សូមជំរាបថា តួលេខមនុស្ស ដែលបានជិះនៅលើទូកនោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែបើយោងតាមអ្នករស់រានមានជីវិតម្នាក់ បានប្រាប់ទូរទស្សន៍ក្នុងស្រុក ATN News ថា ទូកនោះ មានផ្ទុកទៅដោយប្រជាជនរ៉ូហ៊ីងយ៉ាចំនួន ៤០ នាក់ ហើយបានលិចនៅក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ា។
តាមរបាយការណ៍ព័ត៌មាន ATN News បានឲ្យដឹងថា មនុស្ស ១១ នាក់ ត្រូវបានគេជួយសង្គ្រោះ ខណៈដែលឆ្មាំព្រំដែនបង់ក្លាដែស បាននិយាយថា មនុស្ស ៣០ ទៅ ៣២ នាក់ទៀត កំពុងបាត់ខ្លួន៕
មតិយោបល់