កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប បានដកស្រង់សម្តីមន្រ្តីយោធាកូរ៉េខាងត្បូង ដែលបានលើកទ្បើងថា ប្រទេសខ្លួនបានបង្កើតបច្ចេកវិទ្យា ដើម្បីផលិតគ្រាប់បែកក្រាហ្វិច ដែលមានសមត្ថភាពអាចកាត់ផ្ដាច់ចរន្តអគ្គិសនីរបស់កូរ៉េខាងជើង ក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។
គ្រប់បច្ចេកវិទ្យាទាំងអស់ ដែលប្រើសម្រាប់អភិវឌ្ឍគ្រាប់បែកក្រាហ្វិត ត្រូវបានដឹកនាំដោយទីភ្នាក់ងារការពារជាតិកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងរក្សាសន្តិសុខក្នុងប្រទេស ដោយមន្ត្រីយោធាម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នគ្រាប់បែកក្រាហ្វិតនេះ គឺស្ថិតនៅក្នុងដំណាក់កាល ដែលកូរ៉េខាងត្បូងអាចបង្កើតវាបានគ្រប់ពេលវេលាណាក៏បាន។
សូមជំរាបថា គ្រាប់បែកនេះ ធ្វើពីសរសៃក្រាហ្វីត (graphite-ធ្បូងថ្មសុទ្ធខ្មៅទន់) ហើយសំយោគជាមួយសារធាតុគីមី ដើម្បីបង្កការកាត់ផ្តាច់ចរន្ត ហើយបំផ្លាញប្រព័ន្ធចែកចាយអគ្គិសនីចោលទាំងស្រុងនូវបណ្តាញអគ្គិសនីរបស់កូរ៉េខាងជើង ។
អាវុធនេះ ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារការពារជាតិកូរ៉េខាងត្បូង សម្រាប់ការអភិវឌ្ឃន៍លើវិស័យការពារជាតិ ជាផ្នែកមួយនៃកម្មវិធី Kill Chain របស់ក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង៕
មតិយោបល់