ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងលក់ និងទិញប្រព័ន្ធការពារប្រឆាំងមីស៊ីល S-400

រុស្ស៊ីៈ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូ និងក្រុងរីយ៉ាត គ្រោងនឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា ទាក់ទងនិងការផ្គត់ផ្គង់ប្រព័ន្ធការពារប្រឆាំងមីស៊ីល S-400 ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

លោក Vladimir Kozhin ជំនួយការប្រធានាធិបតីរុស្ស៊ី ដែលមានតួនាទីខាងបច្ចេកទេសយោធា បាននិយាយថា កិច្ចព្រមព្រៀងប្រព័ន្ធ S-400 ជាមួយអារ៉ាប៊ីសាអូឌីត នឹងប្រព្រឹត្តទៅនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងធ្វើកិច្ចចរចាសម្របសម្រួលគ្នា។

យោងតាមរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត អាចទិញប្រព័ន្ធការពារដែនអាកាស S-400 Triumph ពីប្រទេសរុស្ស៊ីចំនួនបួន ឬច្រើនជាងនេះ។

ខណៈកាលពីដើមខែតុលាកន្លងទៅ រដ្ឋលេខាធិការនៃប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា កិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ីសាអ៊ូឌីត ប្រកបដោយចក្ខុវិស័យដ៏ល្អ។

សូមជំរាបថា S-400 Triumph គឺជាប្រព័ន្ធការពារមីស៊ីលចល័តជំនាន់ថ្មី ដែលមានមីស៊ីលបីប្រភេទខុសៗគ្នា អាចបំពាក់ជាមួយយន្តហោះចម្បាំងបាន៕

មតិយោបល់