អាហ្វហ្គានីស្ថានៈ ប្រភពពីមន្រ្តីបាននិយាយថា មនុស្សប្រមាណជា ៦០ នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារអត្តឃាត ពីរដាច់ដោយឡែកផ្សេងគ្នា ទៅលើវិហារអ៊ីស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានចូលទៅវិហារ Shia Muslim នៅទីក្រុង Kabul មុនពេលបើកការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកមួយ ដែលបានសម្លាប់អ្នកគោរពបូជានៅទីនោះ យ៉ាងហោចណាស់ ៣៩ នាក់ ចំណែកការវាយប្រហារមួយទៀត គឺនៅឯវិហារ Sunni Muslim ក្នុងខេត្ត Ghor បានសម្លាប់មនុស្ស ២០ នាក់។
រហូតមកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅទ្បើយទេ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថា ជាស្នាដៃរបស់រដ្ឋឥស្លាម (IS) ដែលកាលពីមុនពួកគេក៏ធ្លាប់បានកំណត់គោលដៅ វាយប្រហារលើវិហារអ៊ីស្លាម Shia នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរ។
សូមជំរាបថា ការវាយប្រហារនាពេលថ្មីៗ នៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៦ នាក់ហើយ ដោយការបំផ្ទុះគ្រាប់បែក៕
មតិយោបល់