ខុសពីយុវវ័យភាគច្រើនដែលមានមហិច្ឆតាផលិតជាប្រភេទបទរ៉េប និងបទOriginal Song របៀបបែកស្លុយតម្រូវចិត្តយុវវ័យ សម្រាប់លោក សន សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ថាជាអតីតប្រុសស្អាតធម្មជាតិប្រចាំឆ្នាំ២០១៣របស់កម្ពុជាដែលបានចេញទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីន បែរជាបានត្រឡប់មកវិញជាមួយនឹងគម្រោងបោះទុនផលិតបទប្រភេទមហោរី បទភ្លេងការ និងបទក្នុងសម័យសង្គមរាស្រ្តនិយមក្នុងជំនាន់លោកស៊ិន ស៊ីសាមុត ដើម្បីអភិរក្សស្នាដៃសិល្បៈទាំងនោះទៅវិញ។
លោកបានប្រកាសគម្រោងនេះក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី២០ តុលា នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយលោកប្រកាសថាគម្រោងផលិតឡើងវិញនូវស្នាដៃបទចម្រៀងចាស់ៗនោះ គឺទោះជាការផលិតហើយមិនទទួលបានផលចំណេញ ក៏លោកនឹងធ្វើឲ្យបានឆាប់ៗ។
លោកសន សុវណ្ណារ៉ា និយាយថាក្នុងឆ្នាំ២០១៣ លោកបានចូលប្រឡងក្នុងកម្មវិធីប្រុសស្អាតធម្មជាតិ ហើយដោយលោកបានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំកម្ពុជាទើបបានចេញទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីន ដោយទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាអ្នករៀបចំឲ្យកុងត្រារយៈពេល១ឆ្នាំ ដើម្បីទៅធ្វើការពាក់ព័ន្ធនឹងការផ្សព្វផ្សាយនានានៅក្នុងសហរដ្ឋអាមេរិក។ លោកបានចេញទៅរស់នៅក្នុងលក្ខខណ្ឌកុងត្រានៅទីនោះប្រមាណជាង១ឆ្នាំ ដោយលោកទើបតែបានត្រឡប់មកកាន់ទឹកដីកំណើតកាលពីប្រមាណមួយឆ្នាំមុនប៉ុណ្ណោះ ដោយក្នុងពេលបច្ចុប្បន្នលោកបានធ្វើលើកិច្ចការរៀបចំការប្រគំតន្ត្រី និងការទទួលពិធីការផ្សេងៗជាងជាងការងារសិល្បៈដែលលោកធ្លាប់ធ្វើ ទើបធ្វើឲ្យលោកមានទំនាក់ទំនងច្រើនគួរសមជាមួយតារាសិល្បៈជំនាន់ក្រោយ។ លោកសារភាពថារូបរាង និងមុខមាត់ប្រុសស្អាតដែលធ្លាប់គ្រងតំណែងត្រូវបានជ្រុះបាត់ទៅហើយ ដោយសារតែការរស់នៅនៅលើទឹកដីអាមេរិកធ្វើឲ្យលោកឡើងគីឡូ និងធ្វេសប្រហែសរឿងថែរក្សារូបសម្រស់។
យ៉ាងណាក៏ដោយលោកអះអាងថាក្រោយបញ្ចប់ពិធីខួបកំណើត គឺលោកនឹងងាកទៅរកការសម្រកទម្ងន់ និងងាកទៅរកការហាត់ប្រាណឲ្យបានជាប់លាប់វិញហើយ ដើម្បីអោយលោកបានទទួលឱកាសថតកុន និងថតស្ពតដូចមុនក្រោយជាប់តំណែងជាប្រុសស្អាតធម្មជាតិ ហើយបានចេញទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីនរហូតត្រូវបានក្រុមហ៊ុនមួយកុងត្រាយកទៅធ្វើការងារខាងផ្នែកថតផ្សាយនៅប្រទេសសហរដ្ឋអាមេរិក។
លោកថាស្ដាយសម្រស់ និងរូបរាងកាលពីអតីតកាលណាស់ ប៉ុន្តែលោកមិនអស់សង្ឃឹមនោះទេ បន្ទាប់ពីលោកត្រឡប់មកដល់កម្ពុជាហើយក៏បានក្លាយខ្លួនជាអ្នករៀបចំការប្រគំតន្ត្រីខេត្តក្រុងទាំងវ័យក្មេង និងមានក្រុមការងារទទួលផ្នែកពិធីការផ្សេងៗ ដែលធ្វើឲ្យលោកមានប្រាក់ចំណូល និងគម្រោងចំណាយទុនបើកផលិតកម្មមួយផលិតបទចម្រៀងចាស់ៗមួយឡើយ។ លោកថាគ្រោងចំណាយទុនយ៉ាងហោច៥ម៉ឺនដុល្លារ ដើម្បីបំពាក់ម៉ាស៊ីនកាមេរ៉ា ឧបករណ៍ថត និងស្ទីឌីយោជាដើម ដើម្បីផលិតបទបែបមហោរី បទភ្លេងការ និងបទចាស់ៗជាមរតកដើម ដោយលោកក៏នឹងជ្រើសតារាចម្រៀងយុវវ័យ៤រូប(ប្រុស២ស្រី២)ដែលមានសំឡេងល្អ ឲ្យច្រៀងបទទាំងនោះឡើងវិញ ហើយផលិតជាMV ថ្មី ដើម្បីឲ្យបទដែលមិនសូវមានយុវវ័យភាគច្រើនផ្ដោតការចាប់អារម្មណ៍ទាំងនោះមានជីវិតរស់រវើកឡើងវិញ។
លោកថាខ្លួននឹងធ្វើការពិចារណារឿងផលិតកុន និងOriginal Song ក្រោយពេលការងារផលិតបទចម្រៀងបែបបុរាណ និងបទចាស់ៗដែលលោកចង់អភិរក្សទទួលបានជោគជ័យ។ យ៉ាងណាមិញគម្រោងមួយនេះគឺរហូតដល់ដើមឆ្នាំ២០១៨ទើបចេញរូបរាង ដោយលោកប្រកាសថាផែនការដែលបានគម្រោងនេះ ក៏មានបងប្អូនខ្មែរនៅក្រៅប្រទេសជួយទុនដល់លោក៥០ភាគរយផងដែរ ទើបលោកហ៊ានប្រកាសគិតគូរ៕
https://youtu.be/m20NCDNYGyo
មតិយោបល់