ម៉ាឡេស៊ីៈ កម្មករប្រមាណពី ១៥ ទៅ ២០ នាក់ ត្រូវបានកប់នៅក្រោមទីតាំងសាងសង់អគារមួយកន្លែង ក្នុងរដ្ឋ Penang ភាគពាយព្យប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីទទួលរងការវាយប្រហារ ដោយគ្រោះរអិលបាក់ដី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋ បានដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បាននិយាយថា ជនរងគ្រោះ អាចត្រូវបានកប់នៅក្នុងដី ដែលមានកម្ពស់ប្រហែល ១០ ម៉ែត្រ។
មកទល់ពេលនេះ ប្រតិបត្ដិការស្វែងរក និងសង្គ្រោះ ត្រូវបានចាប់ផ្តើម ខណៈដែលមានជនរងគ្រោះពីរនាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ Penang។
សូមជំរាបថា គេនៅមិនទាន់ដឹងទេថា មូលហេតុអ្វីដែលបានបណ្តាលឲ្យមានការបាក់ដីនេះកើតទ្បើង ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រជាពលរដ្ឋក្នុងតំបន់ បានត្អូញត្អែរអំពីការអភិវឌ្ឍលើជម្រាលភ្នំនៅទីតាំងនោះ៕
មតិយោបល់