អាមេរិកៈ តាមរយៈសង្គ្រាមវាយប្រហារពាក្យសម្ដី និងការប្រមាថពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាបុរសក្បាលរឹងនោះ បានធ្វើឲ្យក្រុងព្យុងយ៉ាង បដិសេធមិនចូលតុចរចា ជាមួយអាមេរិកទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីរដ្ឋាភិបាល និងមន្រ្តីសភាអាមេរិកជាច្រើននាក់ បានប្រាប់ភ្នាក់ងារ NBC ថា ពួកគេត្រូវបានព្រមានពីឯកអគ្គរដ្ឋទូតអាមេរិកលោក Joseph Yun មិនឲ្យទៅកាន់កូរ៉េខាងជើងទ្បើយ ដោយលោកបានលើកទ្បើងថា ការប្រមាថរបស់លោក ត្រាំ នឹងមិនអាចជួយឲ្យពួកគេនាំក្រុមមន្ត្រីក្រុងព្យុងយ៉ាង ទៅកាន់តុចរចាបាននោះទេ។
ការថ្លែងរបស់លោក Yun បានធ្វើទ្បើងបន្ទាប់ពីសមាជិកព្រឹទ្ធសភា លោក Bob Corker និងប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និយាយថា សេតវិមានបានរារាំងកិច្ចប្រឹងប្រែងការទូត ជាមួយកូរ៉េខាងជើង ដោយលោក Yun បានបន្ថែមថា មានតែការចាប់ផ្តើមបញ្ចុះបញ្ចូលរដ្ឋបាលខ្លួន ឲ្យបញ្ឈប់ការគំរាមកំហែងបន្ថែមទៀត ទៅលើកូរ៉េខាងជើងប៉ុណ្ណោះ ទើបអាចធ្វើឲ្យមានកិច្ចចរចាឡើងវិញ ជាមួយរដ្ឋបាលលោក គីម ជុងអ៊ុន។
សូមជំរាបថា តាមរយៈរបាយការណ៍ខាងលើនេះ គឺវាផ្ទុយទៅនឹងការអះអាងពីមុនរបស់លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានលើកឡើងកាលពីថ្ងៃទី១ ខែតុលាថា អាមេរិកកំពុងទាក់ទង ដោយផ្ទាល់ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង៕
មតិយោបល់