កន្លងមក មានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា iPhone X នឹងផលិតចេញក្នុងចំនួនតិចគ្រឿងប៉ុណ្ណោះ សម្រាប់ចែកចាយលើទីផ្សារនៅគ្រាដំបូង ដោយសារក្រុមហ៊ុនជូបបញ្ហាក្នុងការផលិត Sensor របស់ Face ID។ លុះខណៈថ្ងៃកាលបរិច្ឆេទចេញលក់កាន់តែខិតចូលមកដល់ ស្រាប់តែលេចឮរបាយការណ៍ថ្មីមួយថា ក្រុមហ៊ុនផលិត iPhone បានសម្រេចកាលពីដើមចុងខែកញ្ញា ទម្លាក់កម្រិតនៃភាពប្រច្រក្សរបស់កាមេរ៉ាស្កេនផ្ទៃមុខ TrueDepth របស់មុខងារ Face ID ដើម្បីពន្លឿនការផលិតចេញឱ្យទាន់ថ្ងៃទី ៣ វិច្ឆិកា។
យោងតាមរបាយការណ៍ពី Bloomberg ដោយបានស្រង់ព័ត៌មានចេញពីប្រភពមួយឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានប្រាប់ទៅបណ្តាអ្នកផ្គត់ផ្គង់ស្ងាត់ៗថា ពួកគេអាចទម្លាក់កម្រិតភាពប្រច្រក្សនៃបច្ចេកវិទ្យាស្គេនផ្ទៃមុខ ដើម្បីធ្វើឱ្យការផលិតមានភាពកាន់តែងាយស្រួល។ ពោល វាត្រូវការការចំណាយពេលក្នុងការសាកល្បងម៉ូឌុលផ្សេងៗ និងការផលិតកាន់តែលឿន។
គួរបញ្ជាក់ថា កាមេរ៉ា TrueDepth មានមុខងារជះគ្រាប់អុចៗនៃពន្លឺទៅលើផ្ទៃមុខមនុស្សចំនួន ៣ ម៉ឺនគ្រាប់ ហើយក្រុមហ៊ុនផលិត ដូចជា Sharp និង LG ត្រូវគេរាយការណ៍ថា កំពុងជួបបញ្ហាលំបាកក្នុងការធ្វើឱ្យការជះពន្លឺនោះត្រឹមត្រូវល្មមគ្រប់គ្រាន់ ខណៈអំពូលឡេស៊ែររបស់វាមានភាពផុយស្រួយយ៉ាងខ្លាំង។
នៅឯដំណាក់កាលមួយនៅក្នុងការផលិត មានតែម៉ូឌុល ២០% ប៉ុណ្ណោះដែលអាចប្រើការបាន។ ម្យ៉ាងទៀត គេមិនអាចប៉ាន់ដឹងទេថា តើភាពប្រច្រក្សនៃសមត្ថភាពស្កេនផ្ទៃមុខ Face ID ត្រូវបានកាត់បន្ថយចុះប៉ុន្មានភាគរយនោះទេ បើធៀបជាមួយអ្វីដែលត្រូវបានគ្រោងទុកពីដើមដំបូង។ កាលពីថ្ងៃបើកបង្ហាញ លោក Tim Cook បាននិយាយថា ភាពត្រឹមត្រូវនៃបច្ចេកវិទ្យា Face ID គឺមានពី ១ លាន ទៅមួយ បើធៀបជាមួយ Touch ID មានពី ៥ សែនទៅមួយ។
គួរបញ្ជាក់ថា ទូរសព្ទដៃ Apple iPhone X នឹងបើកឱ្យអតិថិជនបញ្ជាទិញទុកមុននៅថ្ងៃសុក្រ ទី ២៧ តុលា ហើយវានឹងមាននៅក្នុងស្តុកសម្រាប់ចែកចាយលក់តាមហាងផ្សេងៗ នៅថ្ងៃទី ២៣ វិច្ឆិកា ជាមួយចំនួនតាមការរំពឹងទុកដ៏តិចតួចមួយ៕
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់