អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បាននិយាយថា អាមេរិកនឹងឈរនៅខាងជប៉ុនទាំងស្រុង ដើម្បីប្រឆាំងនឹង ការគំរាមកំហែងរបស់កូរ៉េខាងជើង ដោយបានលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើការជាមួយរដ្ឋាភិបាលក្រុងតូក្យូ ដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងបន្ទាប់ពីជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងទីក្រុងតូក្យូ លោក ត្រាំ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ការអត់ធ្មត់ជាយុទ្ធសាស្ត្ររបស់អាមេរិក ជាមួយក្រុងព្យុងយ៉ាងត្រូវបានបញ្ចប់ ខណៈលោកអះអាងថា ប្រទេសទាំងពីរ កំពុងធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពានដ៏គ្រោះថ្នាក់ ពីសំណាក់របបដឹកនាំកូរ៉េខាងជើង បន្ទាប់ពីបានបាញ់រ៉ុក្កែតពីរគ្រាប់ ហោះរំលងប្រទេសជប៉ុន។
ដោយលោកបន្ថែមថា ជប៉ុននឹងអាចបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង នៅលើអាកាសបាន បន្ទាប់ពីបញ្ចប់ការទិញសម្ភារយោធារបស់អាមេរិក ខណៈដែលលោក អាបេ ក៏បានឆ្លើយតបទៅវិញដែរថា ក្រុងតូក្យូនឹងធ្វើដូច្នេះ ប្រសិនបើវាចាំបាច់។
ក្នុងនោះដែរលោក ត្រាំ ក៏បានជំរុញឲ្យជប៉ុន កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក រួមទាំងការទិញសម្ភារយោធាអាមេរិក បន្ថែមទៀតផងដែរ៕
មតិយោបល់