អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសើរកិច្ចប្រជុំ ស្តីពីពាណិជ្ជកម្ម និងបញ្ហាកូរ៉េខាងជើង នៅទីក្រុងប៉េកាំងរបស់លោកថា ទទួលបានផ្លែកផ្កាយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចមួយ នៅក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យ៉ាងណាមិញសេតវិមាន ក៏បានត្រៀមខ្លួនផងដែរ សម្រាប់សកម្មភាព ដ៏តានតឹងជាងមុន ជាមួយប្រទេសចិន បើទោះបីប្រព័ន្ធផ្សព្វផ្សាយចិន បានប្រកាសថា នឹងបង្កើតផែនការថ្មីមួយ ដើម្បីដោះស្រាយចំណងមិត្តភាព ប្រទេសទាំងពីរ (អាមេរិក-ចិន) ក៏ដោយ។
លោក ត្រាំ បានជំរុញឲ្យប្រទេសចិន បង្កើនសម្ពាធដើម្បីទប់ទល់នឹងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងបាននិយាយថា ពាណិជ្ជកម្មទ្វេភាគីនេះ គឺមិនយុត្តិធម៌ចំពោះអាមេរិកនោះទេ ប៉ុន្តែក៏បានកោតសរសើរដល់ការសន្យារបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង ផងដែរ បន្ទាប់ពីបានបញ្ជាក់ថា ចិននឹងបើកឲ្យទូលាយ សម្រាប់ក្រុមហ៊ុនបរទេស ដែលមកវិនិយោគនៅក្នុងប្រទេសខ្លួន ខណៈដែលក្រុងវ៉ាស៊ីនតោន បានបដិសេធមិនជំរុញឲ្យមានការធ្វើពាណិជ្ជកម្មកាន់តែច្រើន តាមតម្រូវការរបស់ចិននោះទេ៕
មតិយោបល់